ជើងកបក្បាលស្ពាន



ដោយ ៖ ហៀង ធារ៉ា ( ប្រឹថពី ) 

< បង​ ! ម៉ូតូគេ > 

ខ្ញុំភ្ញាក់ប្រញាប់ទាញចង្កូតម៉ូតូគេចបន្តិច​ ទើបឃើញម៉ូតូមួយកំពុងតែបើកបញ្ច្រាស់ពីមុខខ្ញុំ ។ 

< បងឯងបើកម៉ូតូម៉េចហ្នឹង? > 

< បងអត់ឃើញមានម៉ូតូបើកមកទេ បងអត់ឃើញមែន > 

< អត់ឃើញម៉េច បើខ្ញុំមើលឃើញនោះ > 

ខ្ញុំស្ងាត់មាត់លែងតបតជាមួយគាត់ ។ ខ្ញុំគ្រវីក្បាលបន្តិច ក្រែងខ្លួនឯងងងឹតមុខ ឬស្រវាំងភ្នែកមើលមិនច្បាស់ តែវាហាក់ដូចជាមិន មានបញ្ហានោះទេ ។ ខ្ញុំមើលច្បាស់ធម្មតា ចំណែកពន្លឺភ្លើងដែលកំពុងតែបំភ្លឺតាមវិថីក៏ភ្លឺដូចធម្មតា ។ ប៉ុន្តែហេតុការណ៍មុននេះ ខ្ញុំ ពិតជាពុំឃើញមាន ។ ម៉្យាងអ្នកដែលបើកម៉ូតូបញ្ច្រាស់ផ្លូវនោះ គឺខុសតែម្តង ហើយរឹតតែខុស ពេលដែលគាត់បើកបញ្ច្រាស់លើ ស្ពានទាំងយប់បែបនេះ ។ 

មកដល់ផ្ទះ គាត់ខឹង មិនស្តីរកខ្ញុំបន្តិចឡើយ ព្រោះគាត់នៅមួរម៉ៅនិងហេតុការណ៍លើស្ពានមុននោះ។ គាត់ គឺជាដៃគូ ជីវិតរបស់ខ្ញុំ ដៃគូដែលតែងយល់ទុក្ខ និងសុខរបស់ខ្ញុំ តែពេលខ្លះ គាត់គ្រាន់តែឆាប់ខឹង ឆាប់អន់ចិត្តបន្តិច ។ គាត់ជាមនុស្សដែល ជឿលើអបិយជំនឿច្រើនជាងខ្ញុំ ។ 

< ប្រាប់អ្វីមិនដែលតាម មិនដែលជឿទេ > 

< អូនឯងកុំជឿរឿងអស់ហ្នឹងពេក ហើយអំបាញ់មិញហ្នឹង បងអត់ឃើញមានម៉ូតូបើកមកពីមុខបងមែន បើបងឃើញ អូនឯងគិតថា បងជិះទៅបុកគេមែន? > 

< បងឯងជិះម៉ូតូមិនដែលប្រយ័ត្នទេ លើកមុនដូចគ្នា ពេលស្រវឹង បើកម៉ូតូលឿនណាស់ > 

< ពេលស្រវឹង បងអាចមិនដឹងមែន តែមុននេះ បងមិនបានស្រវឹងឯណា បងអត់ឃើញមែន > 

គាត់ស្ងាត់លែងតប ដើរចេញទៅទាញកន្សែងចូលទៅបន្ទប់ទឹកបាត់ស្រមោល ។ ខ្ញុំនៅតែអង្គុយគិតម្នាក់ឯងថា ជារឿង ហេតុចម្លែក ឬជារឿងប្រមាថម៉ាក់ងាយរបស់អ្នកបើកម៉ូតូផ្សេងទៀតដែលពុំស្គាល់ទិសដៅត្រឹមត្រូវ ។ ខ្ញុំដោះអាវគ្រវែងក្នុងកន្ត្រក់ រួចទាញទូរស័ព្ទមកចុច មុនងូតទឹកជាទម្លាប់ ។ 

មេឃរះខ្ពស់ចុងឈើ ខ្ញុំបញ្ជាចង្កូតម៉ូតូជូនសង្សារទៅធ្វើការតាមទម្លាប់ ។ ពេលមកដល់ស្ពាលដែលមានហេតុពីយប់មុន គាត់ក៏ដាក់មាត់មកជិតមួកការពារខ្ញុំរួចបើករបាំងការពារមួករបស់គាត់ទាំងស្រដី ៖ 

< បងឯងដឹងអត់ ប៉ុន្មានខែមុន មានគេងាប់លើស្ពានហ្នឹងម្នាក់ហើយ គាត់ជិះម៉ូតូកូនទាគាត់ ស្រាប់តែមានឡានទ្រុងធំ បើកមកបុកគាត់ងាប់ចោលកូន អ៊ីចឹងបានខ្ញុំចេះតែប្រយ័ត្នលើស្ពានហ្នឹង > 

ខ្ញុំស្តាប់ហើយក៏ងាកមុខទៅមើលស្ពាន ទាំងដែលម៉ូតូខ្ញុំបើកហួសមកបន្តិចទៅហើយ ។ ស្ពានមើលទៅហាក់តូចចង្អៀត ដែលអាចចរាចរណ៍បានត្រឹមផ្លូវទៅមក តែអ្វីដែលខ្ញុំមើលហើយភ្ញាក់ក្នុងចិត្តនោះ គឺអាសនះតូចមួយដែលគេសងក្បែរគល់ស្ពាន នោះ ។ រូបរាងតូច ហ៊ុំព័ទ្ធដោយស័ង្គស៊ីពណ៌ទឹកសមុទ្ទ ពុំឃើញមានគ្រឿងសែន ឬដង្វាយជាប់រោងតូចនោះឡើយ ។ ឬមួយអាច មាននៅលើដីដែលខ្ញុំមិនអាចមើលឃើញ ព្រោះតែខ្ញុំមើលពីចម្ងាយ ។ ខ្ញុំងាកមុខមកបញ្ជាចង្កូតម៉ូតូឆ្ពោះក្រុងសៀមរាបជាគោល ដៅដូចសព្វមួយដង ។ 

ខ្ញុំដាក់គាត់ចុះនៅកន្លែងដែលគាត់ធ្វើការរួចរកកន្លែងស្ងាត់ដើម្បីសសេររឿងរបស់ខ្ញុំ ។ ហាងកាហ្វេជាទីសំខាន់មួយក្នុង ជីវិតប្រចាំថ្ងៃ និងទម្លាប់បំពេញកាតព្វកិច្ចលើផ្នែកនិពន្ធ ។ ខ្ញុំតែងណាត់ប្អូនៗដែលស្គាល់គ្នាមកអង្គុយលេង ឬជជែកគ្នាតាមភាសា មនុស្សដែលស្និទ្ធស្នាល ទម្រាំដល់ម៉ោងដែលត្រូវទៅទទួលសង្សារចេញពីការងាររហូតដល់រសៀល ។ ថ្ងៃខ្លះ ពួកយើងផ្លាស់ប្តូរ កន្លែងអង្គុយពី មួយទៅពីរកន្លែង ឬអាចនឹងជិះម៉ូតូលម្ហែតាមប្រាសាទ ។ 

ម៉ោងប្រមាណជិត៥ ខ្ញុំក៏ត្រឡប់ទៅយកសង្សារ ។ តែល្ងាចនេះ គាត់ចង់ហូបអីនៅក្រៅ ទើបបបួលមិត្តភក្កិទៅហូបជុំគ្នា ទម្រាំចប់ម៉ោងចូលជិត ៨ទៅហើយ ។ យប់នេះ គាត់ជាអ្នកបើកម៉ូតូដឹកខ្ញុំ ដោយសារខ្ញុំហូបគ្រឿងស្រវឹងជ្រុលដៃបន្តិច ។ ពួកយើង បានបែកផ្លូវគ្នា រួចចេញទៅផ្ទះរៀងខ្លួន ចំណែកពួកខ្ញុំធ្វើដំណើរៀងឆ្ងាយ ព្រោះពីក្រុងសៀមរាបទៅផ្ទះរបស់ពួកយើងចម្ងាយជាង ១៨គីឡូម៉ែត្រ ។ តាមផ្លូវនានិទាឃរដូវអមដោយជំនោរត្រសៀក ក្លិនផ្កាដែលរីកព្រោងព្រៀតតាមផ្ទះនីមួយៗជះក្លិនភាយពេញដង វិថីដែលអមដោយអគ្គីសនីបំភ្លឺព្រៀលៗដោយអន្លើ ។ ខ្ញុំតោងចង្កេះគាត់ជាប់ ខួរក្បាលរាងស្រឿងៗដោយសុរា ឯភ្នែកបើកមិនសូវ រួច ។ ភ្លាមនោះស្រាប់តែ ៖ 

< អ្ហើយ > 

ម៉ូតូរេបិះនឹងដួល ខ្ញុំភ្ញាក់បន្តិចដែរ ខំប្រឹងបើកភ្នែករួចសួរសង្សារ ៖ 

< មានរឿងអីអូន? > 

គាត់ព្យាយាមតម្រង់ចង្កូតឡើងវិញទើបតបទាំងស្រដីលឺៗ ៖ 

< បងឯងមិនឃើញស្អីទេមិញ? > 

មនុស្សបើកភ្នែកស្ទើរមិនរួចផង មានបានទៅឃើញអ្វី ។ 

< អត់ទេ > 

ខ្ញុំតបខ្លីៗ រួចក៏ស្រវាឱបចង្កេះគាត់ឡើងវិញ ចំណែកម៉ូតូក៏បន្តទៅមុខយឺតៗ លែងលឿនដូចមុន ។ មនុស្សដែលកាច ស្រដីលឺៗ នៅតែបារម្ភពីខ្ញុំ គាត់ចាប់ដៃខ្ញុំជាប់ ឯដៃម្ខាងទៀតបញ្ជាបើកម៉ូតូរហូតដល់ផ្ទះដោយសុវត្ថិភាព ។ 

ចាប់តាំងពីថ្ងៃដែលមានហេតុយការណ៍ចម្លែកៗផ្ទួនគ្នា ខ្ញុំចាប់ផ្តើមសម្លឹងគល់ស្ពាននោះជាប្រចាំគ្រប់ពេលធ្វើដំណើរ ឆ្លងកាត់ ។ រោងតូចនោះពិតជាពុំមានអ្វីជាដង្វាយ ឬគ្រឿងសែនឡើយ ឬអាចមកពីថ្ងៃដែលខ្ញុំឆ្លងកាត់អាចពុំមែនជាថ្ងៃសីល ដែលពុំមាននរណាម្នាក់សែន ។ តែចម្ងង់មួយទៀតដែលខ្ញុំតែងតែឆ្ងល់ក្នុងខួរក្បាល ហើយមិនដឹងសួរនរណានោះ គឺ ហេតុអ្វី គេចាបាច់ត្រូវសងកូនខ្ទមតូចនោះជាប់នៅនិងគល់ស្ពានធ្វើអ្វី? ឬមួយទីនេះពិតជាមានជើងកបដូចសង្សារខ្ញុំធ្លាប់ប្រាប់? 

រាត្រីស្ងាត់ឈឹង ម៉ោងប្រមាណជាង ១១យប់ទៅហើយ ខ្ញុំជិះម៉ូតូម្នាក់ឯងចេញពីផ្ទះម៉ូតូនៅខេត្តតែម្នាក់ឯងទាំងខ្លួនស្រវឹង តិចៗ ចំណែកអាកាសធាតុថ្ងៃនេះដូចជាត្រជាក់ចម្លែក ។ តាមផ្លូវ ពុំលឺមានសំឡេងឆ្កែយំ និងសត្វអ្វីឡើយ ។ បរិយាកាសពេញ ដោយអ័ព្ទសរក្បុសរសាត់ពេញលំហរ ។ ឃើញបែបនេះ ខ្ញុំចាប់ផ្តើមបើកម៉ូតូលឿនជាងមុន ។ បោះភ្នែកម្តងទៀត ស្រាប់តែក្រឡេក ឃើញរោងខ្ទមពណ៌ទឹកសមុទ្ទនោះទៅហើយ ។ ហេតុអ្វីខ្ញុំមកដល់ទីនេះលឿនម្លេះ? ក្រឡេកទៅលើស្ពានស្រាប់តែព្រឺរោមក្ញាក់ នារី ម្នាក់អង្គុយសំយុងជើងលើដៃស្ពាន សក់វែង ឈុតខ្មៅ សម្រក់ទឹកភ្នែកយ៉ាងកម្សត់មកកាន់ខ្ញុំ ។ ខ្ញុំកាច់ចង្កូតម៉ូតូស្ទើរមិនទាន់ គង់ អីចូលឡានទ្រុងជ្រូកដ៏ធំមួយដែលមកពីមុខបាត់ទៅហើយ ។ ខ្ញុំជាន់ហ្វ្រាំងម៉ូតូមួយទំហឹងជើង រួចងាកទៅរកស្រ្តីនោះ តែបាត់រូប រាងពីកន្លែងដែលប្រទះភ្នែកមុននោះ ។ ភ្លាមនោះ ផាំង......................! 

រាងកាយខ្ញុំខ្ទាតទៅម្ខាងផ្លូវក្បែរគល់ស្ពាន ឡានដែលបុកម៉ូតូខ្ញុំពីក្រោយក៏បាត់ស្រមោលឈឹង ។ សតិខ្ញុំនៅមានតិចៗ ខ្ញុំ ប្រឹងបើកភ្នែកសម្លឹងមើលជុំវិញខ្លួន តែហាក់ពុំមានអ្នកភូមិណាម្នាក់ចេញមកសោះ ឬមួយគេមិនបានលឺសំឡេងគ្រោះថ្នាក់នេះទេ ? ខ្ញុំងាកមកម្ខាងទៀត ស្រាប់តែទាក់ភ្នែកនិងខ្ទមតូចដែលជាប់គល់ស្ពាននោះ ។ កំភួនជើងស្រលូនដែលប្រលាក់ដោយឈាមដាប របួសរហែកសាច់ដោយកន្លែង ខ្លះឈាមនៅហូររឹមៗនៅឡើយ ។ ខ្ញុំប្រឹងក្រោក តែហាក់ក្រោកមិនរួចសោះ ខ្លួនប្រាណខ្ញុំនៅឆ្ងាយ ពីម៉ូតូទេ តែហេតុអ្វីដូចជាមានអ្វីមកសង្កត់ពីលើអ៊ីចឹង? 

សស្រឹបជើងសសៀរតិចៗចូលមកជិតខ្លួនខ្ញុំ ខ្ញុំនៅតែប្រឹងក្រោកដើម្បីឱ្យផុតពីដី តែនៅតែក្រោមមិនរួច ។ 

< ជួយផង ជួយខ្ញុំផង > 

ខ្ញុំស្រែកអស់មួយសំឡេង តែនៅតែស្ងាត់មិនឃើញមានអ្នកភូមិផ្ទះក្បែរនោះណាម្នាក់ចេញមកឡើយ ឬមួយពួកគាត់លង់ លក់អស់ហើយ? ប៉ុន្តែម៉ោងទើបតែ ១១ទេតើ មិនសមពួកគាត់ដេកលក់អស់គ្រប់ផ្ទះនោះទេ ។ ខ្លួនខ្ញុំញ័រដូចកូនសត្វ កាលសភាព មើលទៅគួរឱ្យខ្លាចបែបនេះ ។ ខ្ញុំងាកតិចៗមកកូនរោងនោះ ស្រាប់តែម្រាមដៃរលេះរលួយអមដោយឈាមស្រក់តិចៗលូកមកចាប់​ ដៃខ្ញុំអង្រួនតិច ។ 

< កុំចូលមកជិតខ្ញុំ កុំប៉ះខ្ញុំ > 

< ជួយខ្ញុំផង ខ្ញុំចង់ទៅផ្ទះ ខ្ញុំនឹកកូន ខ្ញុំនឹកប្តីខ្ញុំណាស់ > 

សំឡេងខ្សាវៗ និយាយយឺតៗបន្លឺក្បែរត្រចៀកខ្ញុំទាំងខ្ញុំដេកបិទភ្នែកមិនហ៊ានសូម្បីដកដង្ហើម ។ ឡាននៅតែបើកកាត់ខ្ញុំទៅ មកៗ តែដូចជាពុំមាននរណាម្នាក់ឃើញខ្ញុំកំពុងតែដេកសោះ ។ ម្រាមដៃស្ត្រីនោះនៅតែលូកមកចាប់ដៃខ្ញុំអង្រួនទាំងឈាមបន្តស្រក់ ហូរស្រោចខ្ទាតមកលើរាងកាយខ្ញុំ ។ 

< ជួយខ្ញុំផង ជួយផង ចេញទៅ កុំមកជិតខ្ញុំ > 

< ជួយខ្ញុំផង ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ > 

< ចេញទៅ ចេញទៅ ជួយផង ជួយផង > 

< ជួយជូនខ្ញុំទៅផ្ទះផង > 

ខ្ញុំភ្ញាក់ក្រញាងស្ទើរលួសព្រលឹង សក់វែងអន្លាយរបស់គេធ្លាក់ប្រឹបលើមុខខ្ញុំ កែវភ្នែកដែលផ្ទុកដោយកង្វល់សម្លឹងមើល មកខ្ញុំយ៉ាងកម្សត់ ។ ភ្លាមនោះ នាងចាប់ផ្តើមបញ្ចេញស្នាមញញឹមដ៏គួរឱ្យខ្លាច ផ្ទះមុខដែលស្រអាប់ប្រែជារំលេចខ្ទុះឈាម និងមាន ដង្កូវវាទម្លាក់ខ្លួនចុះមកទើលើច្រមុះខ្ញុំ ។ ខ្លួនខ្ញុំត្រជាក់ស្រឹប សំឡេងខ្ញុំចាប់ផ្តើមស្រែកលែងលឺ ទោះខ្ញុំព្យាយាមហារមាត់ស្រែកក៏ ដោយ ។ ដង្កូវផ្តើមវាជាច្រើនលើផ្ទៃមុខខ្ញុំ ខ្ញុំប្រឹងរើកម្រើអស់មួយទំហឹង ភ្នែកធ្មេចបិទជិតបន្តិចស្រាប់តែ ៖

< បង ! បងឯងកើតអី? > 

ខ្ញុំបើកភ្នែកឡើង ស្រាប់តែឃើញសង្សាររបស់ខ្ញុំអង្គុយក្បែរខ្ញុំ ។ ខ្ញុំស្ទើរក្រោកយ៉ាងលឿន ស្រាប់តែឃើញរាងកាយខ្លួន ឯង ស្ថិតនៅលើគ្រែក្នុងបន្ទប់គេងខ្លួនឯងទៅវិញ ។ 

<  បងឯងកើតអីទៀតហើយ? > 

ខ្ញុំសម្លឹងបន្ទប់ដេកខ្លួនឯងមួយជុំទើបបន្ធូរដង្ហើមធំមុនតប ៖ 

< អត់អីទេ > 

< ឆាបក្រោកងូតទឹកទៅអ៊ីចឹង ខ្ញុំយឺតទៀតហើយថ្ងៃនេះ បងឯងដេកយូរពេក > 

ខ្ញុំទាញទូស័ព្ទមកមើលទើបដឹងថា ម៉ោងជាង ៨ព្រឹកទៅហើយ ។ ខ្ញុំប្រញាប់ស្ទុះក្រោករត់ចូលបន្ទប់ទឹកបាត់ ។ គ្រាន់តែ កាច់ទឹកផ្កាឈូកសម្រក់លើក្បាល ខ្ញុំនឹកដល់រឿងរាវដែលហាក់ដូចជាកើតឡើងពិតៗមុននេះ ។ វាដូចជាស្រស់ៗពេក ខ្ញុំមិនដែល យល់សប្តិឃើញរូបភាពពេញៗភ្នែកបែបនេះទេ ។ នឹកដល់ត្រឹមនេះ ខ្ញុំក៏ស្រមៃដល់ពាក្យសម្តីដែលស្ត្រីក្នុងយល់សប្តិនិយាយមក កាន់ខ្ញុំទាំងទុក្ខសោក ។ សំឡេងស្រែកតឿនរបស់សង្សារខ្ញុំក៏បន្លឺឡើងរន្ធើនម្តងជាពីរដង ។ ខ្ញុំបញ្ចប់ការគិតរួចរហ័សងូតទឹកជូន គាត់ទៅធ្វើការដូចរាល់ដង ។ 

ចេញផុតពីផ្ទះមកដល់មុខផ្សារជាប់ថ្នល់ជាតិ សង្សារខ្ញុំក៏ឱបមកនិយាយដាក់ត្រជាក់ខ្ញុំដូចរាល់ដង ។ 

< បងនៅចាំថ្ងៃមុន ដែលខ្ញុំសួរនៅលើស្ពានអត់? > 

ខ្ញុំងក់ក្បាលតប ព្រោះខ្ជិលបើករបាំងការពារ ។ គាត់បន្ត ៖ 

< កាលថ្ងៃនោះ ខ្ញុំក្រឡេកឃើញមានមនុស្សស្រីអង្គុយលើដៃស្ពាន ហើយសើចមកកាន់ពួកយើង តែពេលនោះ បងថា បងអត់ឃើញទេ តែខ្ញុំច្បាស់ក្នុងចិត្តណាស់ថា ពិតជាឃើញមានស្រីម្នាក់អង្គុយលើនោះមែន > 

< អូនចង់និយាយថា មានខ្មោចមែន? > 

< អូនមិនដឹងទេ តែអូនពិតជាឃើញមែន ថ្ងៃនោះ អូនភ្ញាក់បិះដួលម៉ូតូ ហើយថ្ងៃនោះ បងស្រវឹងទៀត > 

គាត់ចាប់ផ្តើមក្រញូវដាក់ខ្ញុំទៀត ចំណែកខ្ញុំកាលបានលឺដូច្នោះ ក៏នឹកដល់រឿងដែលកើតឡើងក្នុងយល់សប្តិ ។ វាដូចជា ពិតៗពេក ពេលលឺសង្សារនិយាយដល់ស្ត្រីម្នាក់បែបនេះ ។ ឬមួយនាងពិតជាមានរូបរាងនៅទីនោះមែន? តើនាងចង់បានអ្វីឱ្យ ប្រាកដ? ហេតុអ្វីនាងទន្ទេញតែពាក្យ ជួយនាងផងបែបនេះ ? 

< បងបើកតិចៗ ប្រយ័ត្ន ! > 

ម៉ូតូពួកយើងបានមកដល់លើស្ពាននោះ មនុស្សជាច្រើនរោមចោមពេញគល់ស្ពាន ។ ខ្ញុំអែបគៀនតិចៗ រួចក្រឡេកទៅ ឃើញមនុស្សពីរនាក់ដេកស្តូកស្តឹងនៅគល់ស្ពានក្បែរខ្ទមតូចនោះ ។ ខ្ញុំចាប់ផ្តើមកើតចិត្តសង្ស័យភ្លាមមួយរំពេច ។ ហេតុអ្វីមើល ទៅពួកគេទាំងពីរនាក់នោះ ដេកដូចសភាពខ្ញុំយប់មិញម្លេះ ? គេដេកបើកភ្នែកភ្លឹសៗ តែមិនវាចាអ្វីឡើយ ។ ខ្ញុំចង់ចុះទៅមើលបន្តិច តែដោយហេតុខកការងារសង្សាររួចទៅហើយ ទើបខ្ញុំប្រញាប់បើកម៉ូតូចេញពីកន្លែងនោះ ។ 

មកដល់កន្លែងធ្វើការរបស់សង្សារ ខ្ញុំអង្គុយត្រម៉ឹងត្រមោចដូចមានរឿងស្មុគស្មាញ ។ ឃើញបែបនោះ សង្សារក៏ចូលមក សួរទាំងបារម្ភ ៖ 

< បងកើតអីហ្នឹង? > 

ខ្ញុំស្ងាត់មាត់មួយសន្ទុះទើបវាចា ៖ 

< អូនជឿលើរឿងជើងកបទេ > 

< អូនជឿងរហូតមកតើ មានតែបងទេដែលមិនជឿ > 

< មែនហើយ ! បងមិនជឿទេ ! > 

< ឃើញទេ? បិះនិងកើតរឿងប៉ុន្មានដងហើយ ហេតុអ្វីបងមិនជឿទៀត? បងមើលព្រឹកមិញទៅ លើស្ពាននោះ មិនមែន កើតរឿងអ៊ីចឹងម្តងពីរដងទេ តែវាច្រើនដងហើយ ហើយកន្លែងដដែលៗទៀត > 

< ព្រោះពេលខ្លះ គេមិនបានមកដើម្បីយកជីវិតយើងទេ គេគ្រាន់តែត្រូវការឱ្យយើងជួយគេ > 

សង្សារខ្ញុំជ្រួញចិញ្ចើមបន្តិច ៖ 

< យប់មិញ បងយល់សប្តិឃើញស្ត្រីម្នាក់ដូចដែលអូនឯងបានឃើញកាលពីលើកមុនអ៊ីចឹង គេអង្គុយលើស្ពាន ហើយទន្ទេញឱ្យបងជួយគេផង គេនឹកកូនគេ គេនឹកប្តីគេណាស់ > 

ខ្ញុំងាកមុខទៅមើលសង្សាររួចបន្ត ៖ 

< បងគិតថា គេជាវិញ្ញាណតែលតោលដែលរកទីកន្លែងទៅមិនឃើញច្រើនជាង ហើយគេតែងរំលេចខ្លួនឱ្យយើងឃើញ ដើម្បីចង់ឱ្យយើងជួយគេ តែប៉ុនណោះ បើទាក់ទងនិងជើងកបអីអស់ហ្នឹង បងគិតថា អាចកើតឡើងដោយសារភ្ញាក់ផ្អើលនិង រូបភាពដែលឃើញវិញ្ញាណនោះ ឬជាការ បើកបរធ្វេសប្រហែសច្រើនជាង > 

លឺសម្តីខ្ញុំ គាត់ស្ងាត់មាត់ឈឹង ហាក់យល់ស្របតាមគំនិតរបស់ខ្ញុំ ។ 

< ចុះបងគិតចង់ធ្វើយ៉ាងណា? បើគេពន្យល់សប្តិសុំឱ្យបងជួយបែបនេះ > 

< បងមិនអាចធ្វើអ្វីបានទេ ក្រៅពីសែនឱ្យគេបន្តិចបន្តួច បើទាក់ទងនិងអន្ទងវិញ្ញាណដើម្បីឱ្យគេទៅរកកន្លែងដើមរបស់គេ មានតែគ្រូ ឬអាចារ្យដែលចេះខាងវិជ្ជានោះតែប៉ុនណោះ > 

គាត់ងក់ក្បាលយល់ស្រប ហើយបន្ត ៖

< អ៊ីចឹងបងគួរតែទិញចេក ឬទឹកអ្វីបន្តិចយកទៅសែនទៅ ហើយប្រាប់គេតាមដំណើរហ្នឹង > 

ខ្ញុំញញឹមតាមសម្តីគាត់ ទាំងទឹកមុខខ្ញុំមិនសូវស្រស់ឡើយ ព្រោះពីយប់មកត្រូវរាងខ្លាំងដែរ ។ ដល់ម៉ោងដែលគាត់ចេញពី ការងារ ពួកយើងក៏ឆ្លៀតទិញចេក និងទឹកក្រូចតាមផ្លូវរួចយកមកសែននៅខ្ទមជាប់គល់ស្ពាននោះតាមដែលពួកយើងបានគិត ។ ខ្ញុំបានត្រឹមអធិដ្ឋានក្នុងចិត្ត សូមឱ្យគេបានទៅកាន់ទីកន្លែងដែលគេចង់ទៅ និងបានជួយមនុស្សដែលគេចង់ជួប ។ តែភ្លាមនោះ ស្រាប់តែសំឡេងបុរសចំណាស់ម្នាក់បន្លឺក្បែរពួកខ្ញុំ ៖ 

< ឆាប់ទៅជួបមុខប្តី មុខកូនទៅ ឯងជិតអស់ពេលហើយ > 

ពុទ្ធោអើយ! ពួកខ្ញុំព្រឺរោមខ្ញាក ប្រញាប់សំឡេងទៅរកម្ចាស់សំឡេង ប្រទះបុរសចំណាស់ម្នាក់ស្លៀកពាក់សរ ឈរកាន់ ផ្តិលប្រាក់ជាមួយទឹកមន្តក្នុងដៃ ។ គាត់ងាកមុខមកញញឹមដាក់ខ្ញុំរួច ងាកទៅខ្ទមនោះវិញ ។ ឃើញបែបនោះ ពួកខ្ញុំប្រញាប់ក្រោក ស្ទុះបម្រុងចាកចេញ តែលោកតាចំណាស់ពោល ៖ 

< ថ្ងៃនេះ ពួកចៅបានធ្វើបុណ្យធំណាស់ សូមឱ្យសំណាងល្អក្នុងជីវិតនេះ > 

ពួកខ្ញុំកាន់តែត្រជាក់ដៃជើង បះរោមដៃដូចមនុស្សត្រូវទឹកកក ។ គាត់ញញឹម រួចងាកទៅសូត្រធម៌របស់គាត់ខ្សឹបៗ ។ ពួកខ្ញុំលើកដៃសំពះតាចាស់ រួចប្រញាប់ឡើងម៉ូតូចាកចេញពីលើស្ពានមួយនោះ ។ មកដល់ផ្ទះ ពួកខ្ញុំម្នាក់ៗហាក់មានអារម្មណ៍ ស្រាលស្ងើកដូចបាននធ្វើបុណ្យ៧វត្តដូចសម្តីតាចាស់បានលើកឡើង ។ 

ថ្ងៃបន្ទាប់ ពួកខ្ញុំក៏បានជិះកាត់លើស្ពាននោះដូចរាល់ដង តែអ្វីដែលចម្លែកគឺ ខ្ទមតូចកម្សត់នោះ ត្រូវបានគេរុះរើចេញបាត់ ស្រមោលលែងឃើញ..........!! 


Comments

រឿងកំពុងពេញនិយម