ផ្ការីកលើមេឃ



ដោយ ៖ ហៀង​ ធារ៉ា ( ប្រឹថពី​)


          បក្សាស្លាបដែកប៊ូអីងខ្នាតមួយកំពុងតែរៀបចំខ្លួនធ្វើការហោះហើរពីបាងកកព្រះរាជាណាចក្រថៃឡ៉ង់ឆ្ពោះទៅកាន់ទីព្រលានយន្តហោះអន្តរជាតិសៀមរាបទីរួមខេត្តសៀមរាប ។ ភ្ញៀវជាតិ ទាំងអន្តរជាតិបានត្រៀមខ្លួនរួចរាល់ក្នុងការប្រតិបត្តិការហោះហើរ ដោយឡែកបុរសម្នាក់នៅតែចុចទូរស័ព្ទទាំងមិនបានខ្វល់ពីសុវត្តិភាពក្នុងការធ្វើដំណើរនេះឡើយ ។ បុគ្គលិកអាកាសចរណ៍ម្នាក់ដែលនឹងរួមដំណើរលើនោះក៏ដើរទៅប្រាប់នាយកំលោះទាំងវាចាស្រទន់៖

                  » សូមមេត្តាជួយបិទគ្រឿងទូរស័ព្ទអំឡុងពេលធ្វើការហោះហើរ !
                   » អូហ៍សុំទោស !
» សូមមេត្តាបំពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពផងចាស៎ !
» បាទបាន !
» ខណៈពេលយន្តហោះ ហោះឡើង មេត្តាបង្អែកកៅអីឲ្យត្រង់ចាស៎ !
» អូហ៍ បាទ !
» សូមជួយបើកវាំងននបង្អួចផងណា៎ !
» នេះមិនច្រើនពេកទេហ្អេស ?
» មិនច្រើនទេចាស៎ ព្រោះដើម្បីសុវត្តិភាពអ្នកដំណើរគ្រប់រូប !

កំលោះនិយាយក្នុងន័យបែបធុញទ្រាន់ដែលបុគ្គលិកនោះបញ្ជានេះ បញ្ជានោះ ប៉ុន្តែបែរជានាងតបទាំងមិនបាត់សូម្បីតែមួយម៉ាត់ ។ កំលោះបែរមុខមករកនាងទាំងខឹងចងចិញ្ចើមឡើង ប៉ុន្តែបែរជារលាក្រោមស្នាមញញឹមរបស់នាង ។ ក្រសែភ្នែកនរៈត្របាញ់ចំភ័ក្ក្រស្រីឥតព្រិច ដើមទ្រូងដែលខឹងឆេះឆួលបែរជារសាត់បាត់ បន្សល់តែចង្វាក់បេះដូងលោតរន្ធើនពេញទ្រូង ។ ចិញ្ចើមក្រាស់ រោមភ្នែកងរខ្ទើតដូចរាងអន្ធនូ កែវនេត្រាខ្មៅយ៉ង់ កេសាបួងលើកផុតកញ្ចឹងកររឹតតែលើកសម្រស់ស្រី រាងខ្ពស់ស្រឡះអមដោយ​ឯកសណ្ខានបែបបុរាណដ៏ស្រស់សោភាប្រៀបដូចធីតាសួគ៌​ ។​ មាណពសម្លឹងមើលស្រីស្ទើរតែភ្លេចដកដង្ហើម បេះដូងកាន់តែលោតញាប់ឡើងៗ ស្ទើរតែផ្ទុះចេញក្រៅ ។ ក្រសែភ្នែកចម្លែករបស់នាយកំលោះធ្វើឲ្យប្រាណស្រីត្រជាក់ស្រិប ក្រមុំក្រឡេកមួយជុំទើបវាចាឡើង ៖

» អរគុណចាស៎ !

ធីតាដ៏សោភាបណ្តើរកាយដ៏ស្រស់ចាកចេញពីក្រសែភ្នែកនាយកំលោះទាំងអៀន នរៈភ្លឹកសម្លឹងទាំងមិនចាប់អារម្មណ៍ថា នាងបានដើរចេញទៅឡើយរហូតភ្ញៀវអង្គុយជិតកេះប្រាប់ទើបភ្ញាក់ព្រើតហើយឧទានសួរ ៖

» មានអ្វីបាទ ?
» លោកចង់សម្លឹងដល់ណាទៀត ?​ នាងទៅបាត់ហើយ !
» អូហ៍បាទ !

កំលោះឆ្លើយទាំងគេចមុខចេញ ព្រោះតែខ្មាសនឹងស្រីម្នាក់ដែលអង្គុយកៅអីជាប់នាយ ។ គេទាញសៀវភៅពីថតកៅអីមកអានដើម្បីបន្លប់ភាពអៀនខ្មាសចំពោះអាកប្បកិរិយារបស់ខ្លួន ។ យន្តហោះចាប់ផ្តើមបញ្ឆេះម៉ាស៊ីនហោះឡើង បុគ្គលិកអាកាសចរណ៍បានណែនាំអំពីការការពារសុវត្ថិភាពក្នុងការហោះហើរដល់ភ្ញៀវទាំងអស់ដែលកំពុងធ្វើដំណើរ ។ កំលោះអើតករមើលកាលបានលឺសម្លេងជាមនុស្សស្រីដែលណែនាំ ប៉ុន្តែគួរឲ្យសោកស្តាយ ព្រោះមិនមែនជាវត្តមានរបស់នាងទេពធីតាដែលកំលោះបានជាប់ចិត្តប្រទះភ្នែកឡើយ បែរជាក្រឡេកមកវិញជាប់ក្រសែភ្នែកស្រីម្នាក់ដែលអង្គុយជាប់សម្លឹងមកនាយទាំងទឹកមុខងឿងឆ្ងល់ទៅវិញ ។ គេទាញវែនតាខ្មៅមកពាក់បបាំងភាពអាម៉ាសរហូតយន្តហោះឡើងបានខ្ពស់ទើបផ្តេកកៅអីគេងលក់បាត់ ។ ដំណើរនៃការហោះហើរដ៏ខ្លី ទីបំផុតក៏បានមកដល់គោលដៅដោយសុវត្ថិភាព យន្តដែកចុះចតមួយសន្ទុះ ជណ្តើរយន្តក៏ទម្លាក់ចុះ ភ្ញៀវជាច្រើនបានតម្រង់គ្នាចុះជាមួយការថ្លែងអំណរគុណដ៏កក់ក្តៅពីបុគ្គលិកអាកាសចរណ៍ ។ ចំណែកកំលោះយើងស្ទើរតែបោះជំហានមិនទៅមុខ ព្រោះតែស្នាមញញឹមរបស់នាងទេពធីតាដែលឈរសំពះអរគុណមុខច្រកចេញ ។ នាយជាភ្ញៀវចុងក្រោយបង្អស់ព្រោះភ្ញៀវដទៃចេញអស់គ្មានសល់ ។ សម្លេងគ្រហឹមរបស់មិត្តរួមការងារនាងទេពធីតាបានដាស់ស្មារតីកំលោះឡើងទាំងសោកស្តាយ ហើយក៏បោះជំហានដើរចេញទាំងមិនដាច់ចិត្ត ។ ពេលភ្ញៀវចុះអស់ ក្រមុំទាំងពីរក៏រៀបចំបញ្ចប់ការងារដូចទម្លាប់ ស្រាប់តែនាងទេពធីតាលាន់មាត់ស្រែក ៖

» លោក លោក ! លោកធ្លាប់កាបូបហើយ !

ក្រមុំដើរទៅរើសកាបូបលុយតូចមួយពីផ្លូវដើរលើយន្តហោះ ហើយស្រែកហើយរកម្ចាស់ ប៉ុន្តែមិនមានវត្តមានភ្ញៀវណាម្នាក់នៅទីនោះទៀតឡើយ ។

» ថីហ្នឹងលីន ?
» ខ្ញុំឃើញកាបូបភ្ញៀវជ្រើស តែភ្ញៀវចេញទៅអស់ហើយ !
» សំណាងណាស់ឯង !
» តែខ្ញុំមិនចង់បានរបស់គេទេ !​ ផ្ញើការងារបន្តិចផងណា៎ល័ក្ខ ! បន្តិចទៀតខ្ញុំមកវិញ !
» ឯងចង់ទៅណា ?
» ខ្ញុំយកទៅឲ្យភ្ញៀវវិញ ក្រែងលរគេកំពុងតែរកក៏មិនដឹង ? ផ្ញើផងណា៎ !
» អើ !

ទោះស្រីព្យាយាមរត់ទៅរកម្ចាស់កាបូបក៏មិនជួប ព្រោះភ្ញៀវដែលចុះមុននេះបានបំពេញបែបឆ្លងប្រទេសរួចរាល់ហើយចាកចេញអស់បាត់ទៅហើយ ។ ស្រីដើរត្រឡប់ទៅវិញទាំងកាន់កាបូបលុយនោះជាប់ដៃទាំងដកដង្ហើមញាប់ស្អេក ។ ល័ក្ខជាមិត្តអូសវ៉ាលីទាំងដៃសងខាងដើរមករកលីន ​៖

» យ៉ាងម៉េចហើយលីន ?
» មិនជួបទេ ! គិតយ៉ាងម៉េចទៅល័ក្ខ ?
» សាកបើកកាបូបមើលទៅ ក្រែងមានអ្វីខ្លះអាចទាក់ទងគេបាន !
» អើ មែនហើយ ! ហេតុអ្វីខ្ញុំនឹកមិនឃើញ ? តែ វាមិនសមទេដឹងល័ក្ខ ?
» នេះនៅគិតរឿងសុជីវធម៌ដល់ណាទៀត ? មិនមែនគេភ្លេចទេ​ តែគេជ្រុសណា៎ គេអាចនឹង
សប្បាយចិត្តជាងបើអាចទទួលកាបូបនេះវិញ ! ឆាប់បើកមើលទៅ !

លីនហាក់អេះអុញ តែពេលមិត្តនិយាយបែបនេះ នាងក៏ដាច់ចិត្តបើកកាបូបឆែកមើល ដៃស្រីញ័រទទ្រើត សូម្បីតែមិត្តរបស់នាងដែលមិនបានកាន់ក៏ញ័រ ព្រោះតែឃើញលុយដូល្លាជាច្រើនរួមមានទាំងកាតធនាគារច្រើនស្អេកស្អះនៅក្នុងកាបូប ។ លីនវែកមើលគៀនកាតក៏ប្រទះកាតមួយ ស្រីទាញចេញមកមើលដែលមានទាំងឈ្មោះ តែភ្លាមនោះស្រីក៏ភ្ញាក់ក្នុងចិត្ត ព្រោះមានរូបថតបុរសម្នាក់ដែលតាមសម្លឹងមើលនាងមិនដាក់ភ្នែកកាលពីលើយន្តហោះជាប់ជាមួយនឹងកាតនាមប័ណ្ឌនោះ ។

» យ៉ាងម៉េចហើយលីន ? មានដែរទេ ?
ព្រោះតែមិនចង់ឲ្យមិត្តដឹងរឿង លីនក៏វាចាតបយ៉ាងលឿនទាំងលាក់រូបថតនោះ ​៖
» ឃើញហើយ ! ចាំខ្ញុំទាក់ទងទៅគេណា៎ !
» អញ្ចឹងខ្ញុំទៅមុនហើយណា៎ ! ជាប់ណាត់ជាមួយមនុស្សសំខាន់ !
» អូឃេ សុំឲ្យផ្អែមល្អែមណា៎ !

ល័ក្ខញញឹមដាក់មិត្តហើយក៏លើកដៃលាជាសញ្ញាមុនចាកចេញទៅ ។ លីនលើកនាមប័ណមកមើល មួយសន្ទុះក្រោយទើបទាញទូរស័ព្ទទាក់ទងទៅម្ចាស់កាបូប ។ សម្លេងទូរស័ព្ទរោទ៍មិនបានប៉ុន្មានផង ខ្សែម្ខាងទៀតក៏លើកយ៉ាងលឿន ៖

» ហេឡូ !
» ហេឡូ ! នេះគឺលោកវង្សមែនទេ ?
» បាទគឺខ្ញុំ ! មានការអ្វីដែរបាទ ?
» ខ្ញុំជាបុគ្គលិកអាកាសចរណ៍ដែលលោកបានធ្វើដំណើរជាមួយមុននេះបន្តិច ! ខ្ញុំបានរើសបាន
កាបូបលុយរបស់លោកនៅលើយន្តហោះរបស់យើង ហើយខ្ញុំក៏បានព្យាយាមតាមរកលោកដូចគ្នា ប៉ុន្តែមិនបានជួបទើបហ៊ានបើកហើយជួបនាមប័ណនេះ !
» អើ ចាំបន្តិចណា៎ ! ខ្ញុំឆែកមើលសិន !
សម្លេងម្ខាងរបស់នាយវង្សបានស្ងាត់បន្តិចក៏បន្លឺម្តងទៀត ​៖
» មែនហើយ ! ខ្ញុំបានបាត់កាបូបនោះពិតមែន ! ពេលនេះអ្នកនាងនៅទីណា ?
» ខ្ញុំកំពុងចេញពីព្រលានយន្តហោះត្រឡប់ទៅផ្ទះ តែបើលោកត្រឡប់មកយកវិញ ខ្ញុំនឹងរងចាំ !
» ពេលនេះខ្ញុំបានមកដល់ក្រុងហើយ ! ចុះអ្នកនាងចូលមកក្នុងក្រុងដែរទេ ?
» គឺ………………
» ថាបើអ្នកនាងរវល់ ខ្ញុំត្រឡប់ទៅទីនោះម្តងទៀតក៏បាន !
» អើ មិនអីទេ ! ខ្ញុំចូលក្រុងដូចគ្នា អញ្ចឹងលោកចាំខ្ញុំនៅហាងកាហ្វេមាត់ស្ទឹងទៅ ខ្ញុំនឹងយកទៅឲ្យ
លោកនៅទីនោះ !
» បាទបាន !​

កំលោះចង់និយាយអ្វីម៉្យាងបន្ត ប៉ុន្តែត្រូវបានលីនផ្តាច់ប្រព័ន្ធបាត់ទៅហើយ ។ ក្រមុំលើកាបូបមើល
ទាំងដង្ហើមធំ ហើយអូសវ៉ាលីចេញទៅរកនាយវង្សតាមការណាត់ ។

មកដល់ហាងកាហ្វេមាត់ស្ទឹងសៀមរាប តែបែរជាមិនឃើញវត្តមានកំលោះវង្សនៅទីនោះឡើយ ក្រមុំអង្គុយចាំមួយសន្ទុះក៏នៅតែមិនទាន់ឃើញគេមកដល់ ។ ស្រីចាប់ផ្តើមចងចិញ្ចើមឡើង ក្នុងចិត្តឆេះឆួលព្រោះតែត្រូវមករងចាំនាយវង្ស ។ ស្រីក្រឡេកម្តងទៀតក៏ប្រទះម៉ូតូមួយមកចតពីមកហាង កំលោះក្រមុំមួយគូរស្និទ្ធស្នាលគ្នាយ៉ាងផ្អែមល្អែម ។ ចតម៉ូតូរួច កំលោះម្នាក់ក៏ដើរចូលហាងទាំងមិនបានឃើញលីន ស្រីស្ទុះទៅឈរពាំងពីមុខគេទាំងចាប់ដៃជាប់ ៖

» ភា ! ស្រីម្នាក់នោះជាអ្នកណា ?
ការពិរកំលោះភាជាសង្សាររបស់លីន ។ ពួកគេស្រឡាញ់គ្នាមកយូរឆ្នាំហើយ ប៉ុន្តែមួយរយះក្រោយ
ពួកគេមិនសូវចុះសម្រុងគ្នាឡើយ កំលោះជាសង្សារតែងតែបដិសេធរាល់ការណាត់របស់លីន ហើយមិនសូវបង្ហាញមុខជួបគ្នាដូចមុន ។  កំលោះសម្លឹងមុខស្រីបង្កប់ដោយទឹកមុខធុញថប់ គេប្រឡេះដៃស្រីចេញទាំងវាចា ៖
» មិនមែនជារឿងរបស់អូនទេ !
» ប៉ុន្តែខ្ញុំជាសង្សារបងណា៎ !
» ប៉ុន្តែអូនមិនមែនម៉ែរបស់បងទេ !
» ហេតុអ្វីបងនិយាយអញ្ចឹង ? នេះហ្អេសជាហេតុផលដែលបងប្រាប់ថា បងរវល់ ! បងរវល់នៅ
ជាមួយគេមែនទេ ? ប្រាប់មក ហេតុអ្វីបងធ្វើអញ្ចឹង ?

          បុគ្គលិកក្នុងហាងសម្លឹងមើលមកគេទាំងពីរគ្រប់គ្នា រួមទាំងភ្ញៀវម្នាក់នៅទីនោះផងដែរ ។ សំណួរចាក់ដោតទាំងប៉ុន្មានធ្វើឲ្យសង្សារនាងកាន់តែមួម៉ៅ កំលោះទាញកាតនាមប័ណដែលស្រីកាន់មកមើលទាំងវាចាសួរ ៖

» សង្សារប្រុសថ្មីហ្អ៎ ?
» គេមិនទាក់ទងទេ !
» មានអីសង្ហារតើ ! ម៉េចមិនទៅរកគេទៅ ? នៅធ្វើអី ?
ស្រីសើចញឹមៗទាំងលាក់ភាពឈឺចាប់ហើយពោល ៖
» ចង់បែក ហេតុអ្វីរករឿងកុហកច្រើនម្លេះ ?
» អើ ចង់បែក ! យ៉ាងម៉េច ? ធុញណាស់វ៉ើយ !

បញ្ចប់សម្តី ភាជាសង្សារច្រានស្រីមួយទំហឹងទៅលើឥដ្ឋហើយក៏ដើរចេញទៅវិញ ។ បុគ្គលិកក្នុង
ហាងក៏ស្ទុះចូលមកជួយលើស្រីទៅអង្គុយទាំងទឹកភ្នែកស្រីហូររហាម ។ ភាពឈឺចាប់អាចលាក់បាន
ក្នុងចិត្ត ប៉ុន្តែទឹកភ្នែកមិនអាចលាក់កែវភ្នែករហូតទេ ។ ភាពហត់នឿយ ភាពសោះកក្រោះ ភាពឯកា ភាពខ្លោចផ្សាកំពុងតែតាមលងបន្លាចចិត្តស្រី ។ ធីតាមិនអាចធ្វើអ្វីបានក្រៅពីឈ្ងោកមុខទួញសោកសម្រក់ទឹកភ្នែកដែលឈឺផ្សា ។ ស្រមោលកូនកន្សែងតូចមួយក៏លេចពីមុខស្រីទាំងវាចាស្រទន់ ៖​

» ជូតទឺកភ្នែកសិនទៅ !

ស្រីស្រដីអ្វីមិនចេញឡើយ ក្រៅពីទទួលយកកូនកន្សែងមកជូតទឹកភ្នែកទើបហុចទៅឲ្យម្ចាស់កន្សែង
វិញពោលទាំងអួលដើមករ ៖

» អរគុណ !
» ខ្ញុំមិនយកវិញទេ ព្រោះកន្សែងនេះប្រឡាក់ទឹកភ្នែកហើយ !

វង្សដាក់ខ្លួនអង្គុយចុះទល់មុខស្រី ៖

» ព្រោះតែខ្ញុំមែនទេ ទើបសង្សារសុំបែក ?

ស្រីព្យាយាមលាក់ទឹកភ្នែកពីក្រសែភ្នែករបស់នាយវង្ស ​​​​​​​​៖

» មិនទាក់ទងនឹងលោកទេ ! នេះកាបូបលុយលោក !

ស្រីស្រស់ទាញកាបូបមកដាក់លើតុមុខវង្សរួចក៏ងើបបម្រុងដើរចេញ ប៉ុន្តែវង្សចាប់ដៃស្រីជាប់ ៖

» កំដរខ្ញុំញ៉ាំបាយល្ងាចបានទេ ?​ចាត់ទុកថាជាឱកាសអរគុណដែលនាងយកកាបូបមកឲ្យខ្ញុំវិញ !
» ខ្ញុំមិនទំនេរទេ !
» តែម្តងទេ ! ចាំខ្ញុំជូននាងត្រឡប់ទៅផ្ទះវិញ !​

លីនគ្មានអារម្មណ៍នឹងបដិសេធតវ៉ាអ្វីទាំងអស់ នាងដើរចេញទៅទាំងមិនវាចាអ្វីមួយម៉ាត់ឡើយ ។
ការអញ្ជើញរបស់វង្សចំពោះការញ៉ាំអាហារពេលល្ងាចទទួលបរាជ័យទាំងភាពអាម៉ាសចំពោះមុខបុក្គលិកក្នុងហាង និងភ្ញៀវដទៃទៀត ។ កំលោះស្ទើរតែខ្ទប់មុខដើរចេញពីហាងកាហ្វេ ។

          បន្ទាប់ពីបែកគ្នាមិនបានប៉ុន្មានថ្ងៃផង លីនទទួលបានបាច់ផ្កាដល់កន្លែងធ្វើការរាល់ថ្ងៃ ។ ល័ក្ខតែងតែលួចមើលទឹកមុខមិត្តទាំងមិនហ៊ានវាចាស្រដីអ្វីច្រើនឡើយក្រៅពីភាសាការងារ ។ គ្រប់បាច់ផ្កាតែងតែមានពាក្យលើកកម្លាំងចិត្តជាមួយរូបភាពថ្លុកកំប្លែងដើម្បីធ្វើឲ្យនាងញញឹម ប៉ុន្តែមិនដែលមានថ្ងៃណាមួយនាងញញឹមឲ្យមិត្តរួមការងារបានឃើញថា នាងមានក្តីសុខនោះទេ​ ។​ នាងក៏មិនដែលយកបាច់ផ្កានោះមិនអោប រឺថើបម្តងឡើយ ស្រីតែងតែយកវាទៅចោលក្នុងធុងសម្រាមរាល់ថ្ងៃ ។

ថ្ងៃមួយ នាងដើរក្នុងផ្សាររាត្រី ស្រាប់តែកំលោះវង្សរំលេចវត្តមានឈរកាន់បាច់ផ្កាពីមុខនាង ។ ក្រមុំសម្លឹងមុខមាណពទាំងមិនបញ្ចេញស្នាមញញឹម រឺភាពភ្ញាក់ផ្អើលអ្វីឡើយ​ តែស្រីបែរជាដើរបកក្រោយ ។ វង្សស្រែកសួរស្រីកណ្តាលចំណោមមនុស្សជាច្រើន ហាក់មិនខ្មាសនឹងកែវភ្នែករាប់ពាន់នោះឡើយ ។

» ខ្ញុំដឹងថា ខ្ញុំមិនអាចប្រៀបនឹងសង្សារចាស់នាង តែហេតុអ្វីមិនផ្តល់ឱកាសឲ្យខ្ញុំ ?

លីនបញ្ឈប់ដំណើរ រួចងាកមុខរកកំលោះ ៖

» លោកមិនអាចប្រៀបនឹងគេទេ ព្រោះលោកមិនមែនជាគេ ! ឈប់ផ្ញើបាច់ផ្កាទាំងនោះទៅឲ្យខ្ញុំ
ទៀត ព្រោះខ្ញុំជាមនុស្សមិនចូលចិត្តផ្កាកូលាបទេ ហើយឈប់ចំណាយពេលវេលាជាមួយខ្ញុំទៅ !
» លីន !

ពោលចប់ លីនដើរចេញទៅទាំងមិនខ្វល់ថា វង្សមានអារម្មណ៍យ៉ាងណាឡើយ ។ មនុស្សជាច្រើន
ឈរទ្រឹង បោះនេត្រាតាមសម្លឹងលីនដើរចេញទាំងទឹកមុខងឿងឆ្ងល់ ក្រមុំខ្លះលួចខ្សឹបខ្សៀវវាចារួចសម្លឹងមើលមកវង្សទាំងកែវភ្នែកស្រទន់ ។ វង្សផ្កាប់បាច់ផ្កាចុះក្រោមទាំងអស់សង្ឃឹម ក្នុងចិត្តប្រៀបដូចជាមានដំថ្មធំៗសង្កត់ស្ទើរតែដកដង្ហើមមិនរួច ។ ព្រោះតែស្នេហា វង្សមិនបានខ្មាសនឹងបង្ហាញវត្តមានតាមសុំស្រឡាញ់ក្រមុំអាកាសចរណ៍ម្នាក់នេះឡើយ មិនថាត្រូវគេបដិសេធទាំងអាម៉ាសក្នុងចំណោមហ្វូងមនុស្សច្រើនយ៉ាងណាក៏ចិត្តនាយក៏តែមិនរាថយឡើយ ។

          រាត្រីមួយដ៏ស្ងាត់ជ្រងំអមដោយពន្លឺនៃដួងចន្ទ្រាបំភ្លឺផែនដីដ៏ស្រទន់ ទោះបីរយពាន់នៃពន្លឺចង្គៀងរាត្រីក៏មិនអាចប្រៀបនឹងពន្លឺដួងខែដ៏តូចមួយនេះឡើយ ។ តាមដងវិថីហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែលីននៅតែបង្ហាញវត្តមានលើដងវិថីមួយតែឯងជាមួយភាពស្រងេះស្រងោច ។ ស្រីហាក់បណ្តែតអារម្មណ៍តាមបទភ្លេងដែលបង្ហើរតាមខ្សែកាសតូចជាប់ត្រចៀកហាក់គ្មានញញើតជាមួយភាពស្ងាត់ជ្រងំនៃរាត្រីងងឹតនេះឡើយ ។ ខ្យល់ចាប់ធ្លាក់បន្តិចម្តងៗជាមួយសន្សើមរាត្រី លីនទាញអាវក្រៅបិទប្រាណហើយអោបដៃជាប់ដើមទ្រូង បន្តិចក្រោយកាសជាប់ត្រចៀកក៏របេះចេញ សម្លេងមួយក៏បានបន្លឺក្បែរប្រាណស្រី ៖

          » ហ្អេ៎…… ដើរម្នាក់ឯងមិនខ្លាចទេអី ?

          មនុស្សប្រុសពីរបីនាក់ឈរព័ទ្ធជុំវិញស្រីទាំងកែវភ្នែកគួរឲ្យញញើត ។ សក់វែង មានទាំងក្រវិលជាប់ត្រចៀកម្ខាងម្នាក់ ដៃកាន់បារីបង្ហុយផ្សែងទ្រលោម ។ លីនហាក់មិនរវល់នឹងសម្តីមនុស្សប្រុសទាំងនោឡើយ ស្រីទាញកាសញាត់ត្រចៀកវិញ ស្រាប់តែពួកវាទាញចេញម្តងទៀត ៖

          » មិននិយាយរកបងខ្លះទេហ្អេស ?
          » ខ្ញុំជាប់សាច់ឈាមអ្វីជាមួយពួកឯង ? ហេតុអ្វីចាំបាច់រាក់ទាក់ ?
          » រាក់ទាក់បន្តិចទៅក្រែងមានរបស់ពិសេសឲ្យ !

          សម្តីដ៏គួរឲ្យខ្ពើមរបស់ពួកគេធ្វើឲ្យលីនមិនចង់តបឡើយ ។ ស្រីដើរបង្ហួសហើយក៏ទាញកាសដាក់ត្រចៀកម្តងទៀត ស្រាប់តែពួកវាស្ទុះទៅពាំងពីមុខ ហើយបង្ហុយផ្សែងបារីដាក់មុខនាង ។ ស្រីចាប់ផ្តើមក្រពុលមុខខ្លាំង ធីតាដោះកាសចេញពីត្រចៀកទាំងពីររួចវាចាសួរ ៖

          » ពួកឯងត្រូវអី ?
          » យេហេ ……! ចុះអូនមានអ្វីឲ្យបង ?
          » បើចង់បានលុយ ខ្ញុំគ្មានទេ ! បើចង់បានទូរស័ព្ទនេះក៏យកទៅ !

          មាណវីដកទូរស័ព្ទពីហោប៉ាវខោខោប៊យរួចហុចទៅឲ្យពួកគេ ប៉ុន្តែពួកវាមិនទទួល បែរជាមកចាប់ដៃស្រីទាំងពោលលេបខាយ ៖

          » ទូរស័ព្ទនេះលក់បានប៉ុន្មានទៅ ? បងចង់ឲ្យអូននៅកំដរបងយប់នេះ បានទេ ?
          » ឆាប់លែងដៃមនុស្សស្រីទៅ !
          » អាណាវ៉ី ?
          វាមិនខុសពីរឿងកុនស្នេហាដទៃទេដែលតែងតែមានទេវបុត្រជិះសេះសរមកជួយតួឯងស្រី វត្តមានដ៏អង់អាចក្លាហានរបស់វង្សបានធ្វើជនប្រមឹកទាំងនោះបោះភ្នែកសម្លឹងមើលមកគេគ្រប់គ្នា ។
          » យើងប្រាប់ឲ្យឯងលែងដៃមនុស្សស្រីទៅ ?
          » ហាស ហាស …… ឯងជាអ្នកណា ?​ មានសិទ្ធអីមកបញ្ជាយើង ? ពួកឯងចាត់ការទៅ !
          អាម្នាក់ដែលចាប់ដៃលីនបញ្ជាឲ្យគ្នាវាពីរនាក់ទៀតចាត់ការទៅលើវង្ស កំលោះហាក់ដូចជាមានស្មារតីខ្ពស់ ស្ទុះចូលមកទាំងមិនញញើតនឹងជនពាលទាំងនោះ ។
          » យើងនឹងឲ្យពួកឯងដឹងថា លទ្ធផលធ្វើបាបមនុស្សស្រីទន់ខ្សោយបែបណា ? ឆាប់ចូលមក !
          ជនពាលទាំងពីរ កាលបានឃើញភាពមិនញញើតរបស់វង្សធ្វើឲ្យពួកគេរអាចិត្តហាក់អេះអុញមិនហ៊ានចូល វង្សហក់ស្ទុះចូលមកវាយគេមុន ស្រាប់តែរអិលជើងអស់ជំហរដួលទៅលើដីទាំងអាម៉ាស ។
ឃើញសភាពការណ៍ល្អ ជនពាលចូលទៅចាប់គ្រៀកដៃនាយវង្សជាប់ ប្រលះពីរបីដៃបែកមាត់ហូរឈាមរាវ ។
          » អូហូ………!​ ស្មានតែខ្លាំង មិនដល់មួយទឹកបែកមាត់ទៅហើយ !
          » ពួកឯងឆាប់លែងនាងទៅ ! ពួកឯងចង់ធ្វើបាប ធ្វើបាបតែយើងបានហើយ !

          ទោះបីត្រូវបែកមាត់ហូរឈាម វង្សក៏នៅតែបារម្ភពីលីន គេព្យាយាមនិយាយអង្វរជនពាលទាំងនោះឲ្យដោះលែងស្រី ប៉ុន្តែមានតែសំណើចចេញពីជនទាំងនោះ ព្រោះគេមានប្រៀបជាង ។ ពួកវាទាញដៃស្រីមកផ្អឹបជាប់ដើមទ្រូងទាំងវាចាចំអកទៅកំលោះវង្ស ៖

          » សុំទោសវ៉ើយ ! យើងមិនចូលចិត្តប្រុសៗទេ ! យើងចូលចិត្តស្រីៗ !
          » យើងក៏មិនចូលចិត្តមនុស្សប្រុសមុខមាត់ដូចពួកឯងដែរ !
          លីនបញ្ចេញវាចាចំអក ភ្លាមនោះស្រាប់តែស្រីបង្វិលខ្លួនយ៉ាងលឿនដូចកុនប្រយុទ្ធ ដៃដែលជនពាលចាប់នាងបែរជាត្រូវនាងគ្រៀកជាប់វិញម្តងទាំងស្រែកឡើងរន្ធើន ៖
          » អូយ………!
          ធីតាទាត់ជើងក្រោយអាម្នាក់នោះឲ្យលុតចុះ ហើយយកដៃទៅច្របាច់ចំបំពងករគេ ៖
          » ដោះលែងគេទៅ !

          ជនពីរនាក់ដែលកំពុងគ្រៀកវង្សស្រាប់តែស្រឡាំងកាំងភាំងនឹងភាពក្លាហានរបស់លីន ស្រីស្រែកគម្រាមម្តងទៀត ៖

          » យើងប្រាប់ថា ឲ្យដោះលែងគេ រឺចង់ឃើញអាម្នាក់នេះដាច់ខ្យល់ងាប់នឹងមុខ ?     
          » ដោះលែងវាទៅ !

          អាមេក្លោងស្រែកបញ្ជាទាំងស្លន់ស្លោ កូនចៅវាក៏ប្រញាប់ចេញឆ្ងាយពីវង្សបន្តិច លីនក៏ធាត់មួយទំហឹងជើងធ្វើឲ្យមេក្លោងវាដួលទៅលើដីច្រងាប់ច្រងិល ។ វង្សងើបដើរចូលមករកលីនទាំងដៃខ្ទប់ឈាម មាណវីស្ទុះទាញកំណាត់ឈើមួយពីក្បែរនោះមកកាន់យ៉ាងអង់អាច ។ គ្រាន់តែឃើញស្រីកាន់កំណាត់ឈើនឹងដៃ ពួកវាប្រញាប់ស្ទុះទៅលើកមេក្លោងវារត់គេចបាត់ស្រមោលអស់ ។

          ក្រឡេកមកមើលភាពស្រឡាំងកាំងរបស់វង្សវិញ នាយឈរសម្លឹងស្រីមិនដាក់ភ្នែក មិននឹកស្មានថា ស្រីដែលគេធ្លាប់តែឃើញពីភាពស្រគត់ស្រគំបែរជាក្លាហានជាងមនុស្សប្រុសទៅទៀត ។ ក្រមុំចោលកំណាត់ឈើទៅម្ខាងទើបក្រឡេកមករកកំលោះវង្សទាំងវាចា ៖

          » លោកយ៉ាងម៉េចហើយ ?

          កំលោះក្រវីក្បាលតបវាចាទាំងមិនទាន់បាត់ស្រឡាំងកាំង ៖

          » ខ្ញុំមិនអីទេ !          
          » ឈាមហូរពេញមាត់ហើយនៅមិនអីទៀត ?

          ចប់សម្តី ស្រីស្រស់ក៏ទាញកន្សែងពីហោប៉ាវមកហុចឲ្យវង្ស នោះគឺជាកន្សែងដែលវង្សធ្លាប់ឲ្យនាងជូតទឹកភ្នែកកាលពីថ្ងៃមុន ៖

          » ជូតឈាមសិនទៅ !

          កំលោះទទួលកន្សែងទាំងលួចមើលមុខស្រីទាំងអាម៉ាស ។ មាណវីដើរទៅអង្គុយលើបង់អែបមាត់ស្ទឹង ៖

          » នាយតាមខ្ញុំមកធ្វើអី ?
          » គឺ… គឺខ្ញុំបារម្ភពីនាងហ្នឹងណា៎ !
          » ចុះពេលនេះ ខ្ញុំមានកើតអីដែរទេ ?

          នរៈដើរទៅអង្គុយទន្ទឹមស្រីទាំងក្រវីក្បាលតបបណ្តើរ ដៃជូតឈាមដែលហូរពីមាត់បណ្តើរ មុខឈ្ងោកចុះ ព្រោះអាម៉ាសនឹងភាពក្លាហានដ៏បរាជ័យរបស់ខ្លួនមុននេះ ។  

          » បើមិនចេះស្រឡាញ់ខ្លួនឯងផង ស្រឡាញ់គេបានយ៉ាងម៉េចទៅ ?

          ស្រីស្រស់លូកដៃទៅទាញកន្សែងពីដៃកំលោះ ម្រាមដៃដ៏ស្រឡូនរបស់ស្រីចាប់ចំម្រាមដៃវង្សពេញៗ ធ្វើឲ្យបេះដូងនាយកំលោះចាប់ផ្តើមលោតរន្ធើនពេញទ្រូង កែវភ្នែកតាមសម្លឹងកាយវិកាស្រីទាំងក្នាញ់ ។ ក្រមុំបត់កន្សែងដែលប្រឡាក់ទៅម្ខាង ហើយប្តូរម្ខាងទៀតដែលមិនទាន់ប្រឡាក់មកជូតឈាមឲ្យវង្សទាំងស្រដី ៖

          » ខ្លួនឯងមិនពូកែទេ តែទាំងខ្លួនធ្វើអ្នកក្លាហាន ! លទ្ធផលចុងក្រោយយ៉ាងម៉េចដែរ ?

          មាណវីស្តីទាំងមិនចាប់អារម្មណ៍នឹងកែវភ្នែកដ៏មុតស្រួចរបស់វង្សឡើយ កំលោះសម្លឹងមកវង់ភ័ក្ក្រស្រីស្ទើរតែចង់លេបទៅហើយ ដៃនាយត្រជាក់ស្រិប ដងខ្លួនរឹងស្តូករកកម្រើកមិនបាន ។ ជូតអស់ឈាម ក្រមុំងើយមុខឡើងប្រទះកែវភ្នែកដ៏មុតស្រួចរបស់វង្ស កែវភ្នែកទាំងពីរត្របាញ់រកគ្នាដូចស្រមោលរន្ទះ កន្សែងនឹងដៃដែលផ្តិតជាប់មាត់វង្សក៏ធ្លាក់ចុះពីដៃស្រីទាំងមិនដឹងខ្លួន ។ លីនដឹងថា វង្សលួចមើលនាង ស្រីក៏ងើបគេចចេញពីក្រសែភ្នែកនោះ ស្រីរកនិយាយអ្វីម៉្យាងដើម្បីបន្លប់ចិត្តដែលកំពុងកម្រើកក្រោមក្រសែភ្នែករបស់នាងវង្ស ប៉ុន្តែបែរជានិយាយមិនចេញ ។ ស្រីក៏វាចាលាដើម្បីគេចចេញតែម្តង ៖

          » បើអស់អីហើយ ខ្ញុំទៅផ្ទះមុនហើយណា៎ !        
          » ឈប់សិនលីន ! ឲ្យខ្ញុំជូនទៅផ្ទះទៅណា៎ !
          » មិនអីទេ ! ខ្ញុំអាចការពារខ្លួនឯងបាន !
          » ចុះបានអ្នកណាការពារខ្ញុំ ?

          កំលោះនិយាយបែបលេងសើចធ្វើឲ្យស្រីស្រស់ញញឹម ស្នាមញញឹមកាន់តែស្រស់ រឹតតែធ្វើឲ្យដួងចិត្តរបស់គេញាប់ញ័រលើសដើម ។

          »  ខ្ញុំមិនមែនជាអង្គរក្សរបស់លោកទេ !
          » អញ្ចឹងឲ្យខ្ញុំធ្វើជាអង្គរក្សការពារនាងទៅ !
          » ឆើស… ការពារតែខ្លួនឯងមិនបានផង !
          » យ៉ាងហោចណាស់ក៏បានព្យាយាមអស់ពីសមត្ថភាពដែរ !

          លីនគ្រវីក្បាលលួចញញឹមក្នុងចិត្ត រួចក៏ដើរចេញទៅទាំងមិនតបតរអ្វីទៀតឡើយ ។ វង្សញញឹមអោនរើសកន្សែងពីដីមកកាន់ហើយរត់ទៅតាមលីនទាំងសប្បាយចិត្តទោះបីមាត់នៅមានឈាមហូរតិចៗនៅឡើយ ។ ពួកគេបណ្តើរគ្នាក្រោមពន្លឺអំពូលដ៏រ៉ូមេនទិចអែបជាប់មាត់ស្ទឹង ។ ក្រោយមកក៏លឺសម្លេងវង្សសួរលីនជារឿយៗ ៖

          » ហេតុអ្វីលីនចេះក្បាច់ការពារខ្លួនទាំងនេះ ?
          » ខ្ញុំរៀនមុនពេលចូលធ្វើការជាបុគ្គលិកអាកាសចរណ៍ មិនច្រើនទេ គ្រាន់តែអាចការពារខ្លួនបាន !           
           » បើដឹងមុន មិនចូលទៅជួយទេ ឃើញទេ បែកមាត់ឥតអំពើ ! ជួយគេមិនបានហើយ ថែមទាំងលក់មុខទៀត ស្រមៃទៅខ្មាសគេណាស់ !
          » ឲ្យរាង ! លើកក្រោយកុំចេះតែដើរជួយគេពេក ប្រយ័ត្នស្លាប់មុនអាយុទៅ !
          » បើស្លាប់ព្រោះតែបានការពារនាង ខ្ញុំមិនស្តាយទេ !
          » អូហ៍ …… បានហើយ ! កុំបាច់មកផ្អែមល្អែម លែងជឿហើយមនុស្សប្រុស !
          » តែខ្ញុំនិយាយពិតណា៎ !
          » គេពីមុនក៏និយាយបែបនេះដែរ តែគ្មានការពិតអ្វីសូម្បីតែបន្តិច !
          » ខ្ញុំនិយាយពិតមែនណា៎ !​
          » ខ្ញុំដល់ច្រកចូលផ្ទះហើយ លោកប្រញាប់ទៅវិញទៅ ហើយការពារខ្លួនឯងផង ខ្ញុំអត់បានទៅតាមការពារលោកដល់ផ្ទះទេ ! លឺទេអ្នកក្លាហាន ?

          ចប់វាចា លីនក៏ដើរចូលតាមច្រកតូចមួយបាត់ស្រមោលបាត់ វង្សបានព្យាយាមនិយាយពាក្យពិតពីក្នុងចិត្តដើម្បីឲ្យលីនដឹង ប៉ុន្តែនាងបែរជានិយាយបន្លប់ហាក់មិនចង់ស្តាប់ពាក្យទាំងនោះឡើយ ។ វង្សហាក់អស់សង្ឃឹមបន្តិច ប៉ុន្តែប្រែទឹកមុខមកញញឹមឡើងវិញ ពេលស្រមៃទៅដល់រឿងដែលកើតឡើងចំពោះគេមុននេះ ។ ស្នាមញញឹមដ៏ស្រទន់អណ្តែតឡើងចំពោះមុខកំលោះម្តងទៀត ស្រមៃដល់កែវភ្នែកដ៏ស្រទន់ ម្រាមដៃដ៏ស្រឡូន សម្តីដ៏គួរខ្នាញ់ ហាក់កើតឡើងភ្លាមៗម្តងទៀតពេលគេបិទភ្នែកស្រមៃ ។

          បក្សាស្លាបដែកប៊ូអីងខ្នាតមួយកំពុងតែរៀបចំខ្លួនធ្វើការហោះហើរពីទីបាងកកព្រះរាជាណាចក្រថៃឡ៉ង់ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបទីរួមខេត្តសៀមរាបដូចទម្លាប់ ។ ភ្ញៀវជាតិ ទាំងអន្តរជាតិបានត្រៀមខ្លួនរួចរាល់ក្នុងការប្រតិបត្តិការហោះហើរ ដោយឡែកបុរសម្នាក់នៅតែចុចទូរស័ព្ទទាំងមិនបានខ្វល់ពីសុវត្តិភាពក្នុងការធ្វើដំណើរនេះឡើយ ។ បុគ្គលិកអាកាសចរណ៍ម្នាក់ដែលនឹងរួមដំណើរលើនោះក៏ដើរទៅប្រាប់នាយកំលោះទាំងវាចាស្រទន់៖

»សូមមេត្តាជួយបិទគ្រឿងទូរស័ព្ទអំឡុងពេលធ្វើការហោះហើរ !
» អូហ៍សុំទោស !
» សូមមេត្តាបំពាក់ខ្សែ……………!

ធីតាដ៏សោភាមិនទាន់និយាយចប់ប្រយោគផង កំលោះហាក់បីយល់ពីអ្វីដែលនាងប្រុងនិយាយ
ប្រាប់ គេពាក់ខ្សែក្រវ៉ាត់ ហើយបញ្ឈរកៅអីឲ្យត្រង់ ថែមទាំងទាញវាំងននបង្អួចបើកយ៉ាងស្អាត ។ ក្រមុំស្រស់ហាក់ឆ្ងល់ក្នុងចិត្ត ភ្លាមនោះវង្សក៏ងាកមុខមករកស្រីទាំងញញឹមសួរ ៖

          » ប៉ុណ្នឹងអាចហោះហើរបានរឺនៅបាទ ?
          » នេះលោកទៀតហើយ ?

          កំលោះងក់ក្បាលទាំងមាត់ញញឹមខ្ជឹប ៖

          » លោកជិះយន្តហោះរាល់ថ្ងៃបែបនេះ មិនធុញទេអី ?
          » ឱ្យតែបានហោះហើរជាមួយនាង មិនធុញទេ !
          » មនុស្សស្អីមនុស្សក្រាស់ម្លេះ ?

          ស្រីនិយាយតិចៗតែម្នាក់ឯង ប៉ុន្តែកំលោះនៅតែស្តាប់លឺ នាយបន្ទរ ៖

          » នេះលួចជេរខ្ញុំហ្អេស ? កុំគិតថា ខ្ញុំមិនលឺណា៎ !
          » អត់ទេ !
          » តែខ្ញុំលឺណា៎ !
          » ប្រាប់ហើយថា អត់ទេ !
          » ចុះជេរអ្នកណាថា មុខក្រាស់ ?  
          » មិនដឹងទេ តែបើលោករអៀសខ្លួនក៏យកទៅ !

          ចប់វាចា លីនក៏គេចដើរចេញ ប៉ុន្តែកំលោះចាប់ដៃស្រីក្នុងចំណោមមនុស្សជាច្រើនដែលកំពុងរួមដំណើរលើយន្តហោះជាមួយនរៈ ។ មាណពលើកញ្ចប់ធំមួយហុចឱ្យលីនទាំងពោល ៖

          » ខ្ញុំមានរបស់ផ្ញើឱ្យនាង !
          » ហេតុអ្វីផ្ញើឱ្យខ្ញុំ ? នេះលែងដៃសិនទៅ ! លោកមានសិទ្ធអីមកចាប់ដៃខ្ញុំ​ ?

          កំលោះប្រលែងដៃស្រីយ៉ាងរហ័ស ឯលីនមិននិយាយអ្វីទាំងអស់ ស្រីដើរគេចចេញទៅបាត់ សូម្បីរបស់ផ្ញើដែលវង្សខំទិញផ្ញើក៏ស្រីមិនយកភ្នែកមើល ។

          » លីន …… !

          កំលោះឧទានហៅឈ្មោះស្រីទាំងអស់កម្លាំងចិត្តនឹងអង្វរលន់តួរនាង ។ គ្រប់យ៉ាងដែលកំលោះបានព្យាយាមធ្វើ ព្យាយាមបង្ហាញក្តីស្រឡាញ់ ប៉ុន្តែធីតាអាកាសចរណ៍ម្នាក់នេះហាក់មិនមានចិត្តខ្វល់ខ្វាយនិងយកចិត្តទុកដាក់មើលពីទឹកចិត្តកំលោះឡើយ ។ លីនដើរគេចមកជួបល័ក្ខជាមិត្តដែលកំពុងតែឈរសម្លឹងមើលទៅនាយវង្សទាំងទឹកមុខអាណិតអាសូរ ។ ល័ក្ខវាចាសួរលីនទាំងមិនអស់ចិត្ត ៖

          » លីន ! ហេតុអ្វីឯងមិនទទួលកាដូពីគេ ?
          » ឯងចង់បានក៏ទៅយកទៅ ខ្ញុំមិនចង់បានទេ !
          » តែគេទិញឱ្យឯង មិនបានទិញឱ្យខ្ញុំទេ ! បើគេស្រឡាញ់ខ្ញុំ ហើយទិញលកាដូនេះឱ្យខ្ញុំ ខ្ញុំប្រាកដជាសប្បាយស្លាប់ជាមិនខាន !
          » មនុស្សប្រុសអ្នកមាន ទិញកាដូគ្រាន់តែធ្វើជាឧបករណ៍ទាក់ចិត្តមនុស្សស្រីល្ងង់ទេប៉ុណ្ណោះទេ ហើយបើរវើរវាយដូចជាឯងអញ្ចេះទៀត ខកប្រាណមិនខានទេ !
          » នេះឯងអគតិលើគេពេកហើយ ! មនុស្សប្រុសមិនដូចគ្នាទាំងអស់ទេ !
          » តែវាក៏មិនខុសគ្នាដែរ ! មនុស្សប្រុសគ្មានម្នាក់ណាស្មោះទេ !
          » ពុទ្ធោអើយលីន ! ឯងនេះអគតិពេកហើយ ! ខ្ញុំស្តាយកាដូនោះសឹងស្លាប់ទៅហើយ !
          » បើស្តាយក៏ដើរទៅសុំគេយកមកឱបមក !
          » លប់ទេឫឯង ? ខ្ញុំមិនឃ្លានដល់ម្ល៉ឹងទេ !
          » ឆាប់ទៅរៀបចំអាហារសម្រន់ឱ្យភ្ញៀវទៅ នៅរវល់តែស្រមៃហ្នឹងហើយ !
          » នេះឯងមិនយកពិតមែនហ្អេស ?
          » ប្រាប់ហើយថា អត់ទេ !
          » តែខ្ញុំស្តាយជំនួសឯងណាស់ !
          » ឈប់ស្តាយជំនួសខ្ញុំទៅ ខ្ញុំមិនចង់បានទេ !

          សម្លេងជជែកគ្នារវាងក្រមុំទាំងពីរចាប់ផ្តើមស្ងាត់ មួយសន្ទុះរទេះរុញផ្ទុកអាហារសម្រន់ពេញប្រៀបក៏បណ្តើរចូលទៅចែកភ្ញៀវដែលកំពុងតែធ្វើដំណើរ ។ មកដល់ជួរកំលោះវង្សអង្គុយ លីនបែរជាគេចមុខមកម្ខាងទុកឱ្យល័ក្ខជាមិត្តជាអ្នកហុចកញ្ចប់អាហារទៅឱ្យនរៈ ។ មាណពតាមសម្លឹងមើលលីនឥតល្ហែរ ទាំងដែរល័ក្ខលួចមើលមុខនាយយ៉ាងណាក៏គេមិនចាប់អារម្មណ៍ ព្រោះតែចិត្តកំពុងតែច្របល់តាមសម្លឹងមុខលីនយ៉ាងភ្លឹក ។ ល័ក្ខលួចដៀងភ្នែកមើលលីនបន្តិចទើបកេះវង្សវាចាខ្សឹប ៗ ៖

          » លោក ! ចង់ផ្ញើរបស់នេះឱ្យលីនដែរទេ ? ផ្ញើតាមខ្ញុំបានណា៎ !

          កំលោះនឹកភ្ញាក់ក្រញ៉ាងក៏ប្រញាប់ទាញកាដូមកហុចឱ្យល័ក្ខទាំងកែវភ្នែកលួចសម្លឹងមើលខ្លាចលីនឃើញ បន្តិចនរៈក៏វាចាតប ៖

          » ខ្ញុំសង្ឃឹមលើអ្នកនាងហើយណា៎ !
          » ទុកចិត្តចុះ ! ខ្ញុំមិនធ្វើឱ្យខកចិត្តទេ !
          » អរគុណណាស់ ! អូហ៍ ខ្ញុំក៏មានសម្រាប់នាងដែរ !
          » សម្រាប់ខ្ញុំហ្អ៎ ?
          » នេះណា៎ ! មិនច្រើនទេ តែទឹកចិត្ត ! តែកុំភ្លេចរបស់នោះ ធ្វើម៉េចផ្ញើឱ្យលីនឱ្យបានណា៎ !
          » ធានាជូន !

          ល័ក្ខប្រមូលកញ្ចប់កាដូទាំងពីរដាក់ក្រោមត្រូលីរួចក៏រុញតាមក្រោមលីនដើរចេញទៅ ហើយបន្តចែកអាហារសម្រន់ដល់ភ្ញៀវដទៃទៀត ។ មួយម៉ោងកន្លងផុតទៅ យន្តតូចមួយនេះក៏បានចុះចតដោយសុវត្ថិភាពនៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ។ វង្សគេចចុះមុនគេយ៉ាងលឿន ចំណែកលីនវិញ មាត់ថា ស្អប់ តែកែវភ្នែកតាមលួចរកមើលកំលោះយើងជានិច្ច ប៉ុន្តែអវត្តមានដែលបាត់ទៅយ៉ាងលឿនធ្វើឱ្យ​នាងនៅមិនសុខ ល័ក្ខលួចមើលមុខលីនបន្តិចក៏ចំអកសួរ ៖

          » នេះកំពុងរកមើលគេមែនទេស្រីមាត់រឺង ?

          លីនប្រញាប់គេចមុខរកលេស ៖

          » អត់មានទេ !        
          » កុហក ! ខ្ញុំឃើញឯងកំពុងសម្លឹងរកគេណា៎ !
          » ប្រាប់ហើយថា អត់មានទេ ! ឯងនេះគិតច្រើនពេកហើយ ! រៀបចំអ៊ីវ៉ាន់ទៅនឹងអាលបានត្រឡប់ទៅផ្ទះ !
          » ច្ចឹងចាំខ្ញុំផងណា៎ ! ខ្ញុំមានរឿងចង់និយាយជាមួយឯង !
          » ជាមួយខ្ញុំ ? រឿងអី ?
          » គង់តែដឹងទេ ! អូឃេ ចាំជួបគ្នាណា៎ !

          អវត្តមានដែលកំលោះគេចចេញទៅមិនបានទៅណាឆ្ងាយទេ ការពិតមាណពបានចេញទៅយកឡានដើម្បីរង់ចាំទទួលលីននៅខាងក្រៅព្រលាន ។ ទោះយ៉ាងណាកំលោះនៅតែមានស្នាមញញឹមលើកទឹចិត្តខ្លួនឯង ទោះជាមិនដែលទទួលបានក្តីសង្ឃឹមពីលីនម្តងណាក៏ដោយ ។ វត្តមានភ្ញៀវជាច្រើនបានចាកចេញជារឿយៗ នៅឡើយតែវត្តមានទេពធីតាដ៏ស្រស់សោភាក្នុងចិត្តរបស់វង្សនៅមិនទាន់ឃើញចេញមកឡើយ ។ នាយនៅតែអង្គុយចាំពីមួយនាទីទៅមួយនាទី ឡើងរហូតដល់ជិតមួយម៉ោងនៅតែមិនឃើញស្រីចេញមកឡើយ ។ កំលោះអោនមុខទ្រោបលើចង្កូតឡានបន្តិចក៏ងើយឡើង ស្រាប់តែប្រទះភ្នែកឃើញលីនឈរចាប់ដៃជាបុរសម្នាក់នៅមុខច្រកចេញដែលមិនឆ្ងាយពីឡានកំលោះប៉ុន្មានទេ។ ម្នាក់នោះគ្មានអ្នកណាឆ្ងាយពីសង្សារចាស់នាងឡើយ ។ ពួកគេចាប់ដៃគ្នា ជាមួយកែវភ្នែកហាក់បង្ហាញក្តីសុខ ស្នាមញញឹមរបស់លីនទៅកាន់បុរសនោះហាក់បញ្ជាក់ថានាងពេញចិត្តនឹងការជួបជុំនេះ ។ ( នេះឫជាហេតុផលដែលលីនមិនព្រមស្រឡាញ់នាយ ? លីននៅតែស្រឡាញ់គេទើបមិនអាចទទួលយកគេបាន ? តើគេត្រឡប់មកជួបជុំគ្នាធ្វើអ្វីទៀត ? បើបែកគ្នាទៅហើយ ហេតុអ្វីមិនបែកឱ្យដាច់ស្រេចតែម្តងទៅ ទៅហើយត្រឡប់មកវិញធ្វើអី ?) កំលោះរអ៊ូក្នុងចិត្តទាំងពើតផ្សារ ជលនេត្រារត់ត្របាញ់គ្នា ព្រោះតែចង់បង្ហូរចុះ ។ មាណពគ្រវាសទឹកភ្នែកដែលបម្រុងហូរធ្លាក់ ហើយក៏បើកឡានគេចចេញទៅ ព្រោះតែរូបភាពទាំងនេះធ្វើឱ្យនាយនៅទ្រាំមើលទៀតមិនបាន ។ វិញ្ញាណស្ទើរតែមិននៅជាប់ខ្លួន ដើមទ្រូងហាក់បីដូចជាមានដុំថ្មធំៗសង្កត់ ចំណែកបេះដូងផ្សារដូចមានអ្នកយកឡាមឆូតបង្ហូរឈាមស្រោចពេញប្រាណ ។ ឡានចេះតែលូនទៅមុខ គោលដៅទៅទីណានៅមិនទាន់ដឹង ទឹកភ្នែកដែលកាន់ឃាត់ កាន់តែស្រក់ចុះ ចង្កូតឡានដាមដោយទឹកភ្នែកកំលោះដ៏រឹងមាំម្នាក់នេះ​។

          មេឃកាន់តែងងឹតបន្តិច ម្ចាស់ខូចចិត្ត ឡានក៏បញ្ជាចូលចតអែបផ្លូវ ៦០ ។ គូថឡានរបើកឡើងអូតូម៉ាទិច កំប៉ុងស្រាបៀរដួលដេកអារ៉ាត់អារាយពេញ វង្សបើកចម្រៀងបន្តិចហើយដើរមកអង្គុយគូថឡានទាំងចិត្តរវើរវាយ ។  នរៈមិនគិតច្រើនទាញកំប៉ុងទីមួយអកយ៉ាងតក់ក្រហល់ ព្រោះតែចិត្តកំពុងតែស្មុគខ្លាំងរហូតដល់ស្រាមួយកំប៉ុងនេះប្រៀបបាននឹងទឹកមួយកែវអញ្ចឹង ។ កំប៉ុងទីមួយអុកចុះដាច់ផឹង បទដ៏ភ្លេងកម្សត់កាន់តែបន្លឺក្បែរត្រចៀក ក្នុងចិត្តកាន់តែជ្រួលច្របល់ អារម្មណ៍ធុញថប់កាន់តែហូរហៀរពេញដើមទ្រូង ទ្រាំមិនបាន កំលោះវង្សក៏គាស់កំប៉ុងទីពីរ បម្រុងអកបន្ត ប៉ុន្តែម្រាមដៃដ៏ស្រលូនមួយបានចាប់កំប៉ុងស្រាជាប់ជាមួយវាចា ៖

          » មកផឹកអញ្ចឹង ហេតុអ្វីមិនហៅខ្ញុំមកផង ?      

          លឺសម្លេងស្រី វង្សងើយមុខទាំងស្រពេចស្រពិលចិត្ត ជួនជាលីនកំពុងតែឈរសម្លឹងមើលមកគេ​ វង្សក៏ដាក់ប្រលែងកំប៉ុងនោះទៅឱ្យលីនទាំងស្តីតប ៖

          » ធ្វើម៉េចខ្ញុំហ៊ានបបួលទៅ បើលីនមានក្តីសុខយ៉ាងនេះនោះ !
          » អញ្ចឹងមានអ្នកខូចចិត្តទេហ្អេសទើបផឹកបាន ?

          វង្សមិនតបឡើយ កំលោះគេចមុខបន្តិច លីនក៏ដាក់ខ្លួនអង្គុយចុះទន្ទឹម ៖

          » ខ្ញុំដឹងថា លោកឃើញខ្ញុំនិងអាម្សៀរនោះនិយាយគ្នា !

          កំលោះយល់សេចក្តីភ្លាមក៏តបទាំងទ្រូងនៅណែន ៖

          » រីករាយផងដែរអ្នកទាំងពីរត្រូវគ្នាវិញ !

          លីនបន្ធូរដង្ហើមបន្តិច ៖  

 » ខ្ញុំជាមនុស្សដែលចូលចិត្តដើរទៅមុខមិនបកក្រោយ ហើយខ្ញុំជាមនុស្សដែលឈឺហើយចាំ !

អត្ថន័យប៉ុណ្ណេះ វង្សអាចកាត់ន័យយល់ថា នាងមិនទាន់ត្រូវគ្នានឹងសង្សារចាស់នៅឡើយទេ ប៉ុន្តែកំលោះនៅតែមិនយល់ពីរូបភាពផ្ទាល់ភ្នែកដែលនាយបានឃើញនៅមុខព្រលាននោះឡើយ ។

» ចុះឃើញនាងញញឹមដាក់គ្នានោះអី ?
» ស្នាមញញឹម ខ្ញុំឱ្យបានគ្រប់គ្នា តែសម្រាប់ក្តីស្រឡាញ់ខ្ញុំមិនអាចឱ្យជាលើកទីពីរទេ !

ចប់វាចា លីនក៏លើកកាដូដែលកាន់ជាប់ដៃមកដាក់ក្បែរខ្លួន វង្សរវល់តែគេចមុខ មិនបានឃើញឡើយថា លីនកាន់កាដូដែលខ្លួនទិញឱ្យមកជាមួយ ។ គ្រាន់តែក្រឡេកឃើញភ្លាម វង្សពោលភ្លាម ៖

» បើលីនមិនទទួលទេ ក៏បោះវាចោលទៅ ខ្ញុំមិនត្រូវការវាទៀតទេព !
» អ្នកណាថា ? នេះខំជិះម៉ូតូឌុបអោបតាមមកឆ្ងាយប៉ុណ្នឹងហើយ ឱ្យបោះចោលយ៉ាងម៉េចទៅ ?

វាជារឿងទីពីរដែលធ្វើឱ្យវង្សបញ្ចេញស្នាមញញឹមបន្ទាប់ពីដឹងថា លីនមិនអាចទទួលយកសង្សារចាស់របស់នាងវិញបាន ។ ក្តីសង្ឃឹមចាប់ផ្តើមរីកដុះដាលក្នុងកូនចិត្តរបស់វង្សជាថ្មីម្តងទៀត ។

»  អរគុណណា៎ ដែលមានទឹកចិត្តខំទិញមកផ្ញើ ប៉ុន្តែលើក្រោយមិនចាំបាច់ទេ ព្រោះខ្ញុំមិនចូលចិត្តរបស់ប្រេនៗ អស់នេះទេ !
» របស់នេះមិនយក របស់នោះមិនចូលចិត្ត ឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅ ?
» មិនចាំបាច់ទិញផ្គាប់ចិត្តអ្វីទាំងអស់ ត្រឹមមានលោកនៅក្បែរៗ ខ្ញុំសប្បាយចិត្តហើយ !

មួយប្រយោគចុងក្រោយនេះ ស្ទើរតែធ្វើឱ្យរាងកាយវង្សអណ្តែតផុតគូថពីឡាន ស្ទើរតែមិនជឿថា ពាក្យមួយឃ្លានេះចេញពីមាត់នាងឡើយ ។

» នេះលីននិយាយបានន័យថាម៉េច ?
» គឺបានន័យដូចដែលបាននិយាយហ្នឹងហើយ !
» យេ……!

កំលោះស្ទុះចេញពីគូថឡានស្ទើរតែដួលច្រងាប់ច្រងិល ពាក្យស្នេហាដែលតែងតែទន្ទឹងរង់ចាំ ទីបំផុតក៏ធ្លាក់ចុះពីបបូរមាត់ដ៏ស្រស់របស់ទេពធីតាក្នុងចិត្តរបស់នាយ ។

» ទីបំផុត លីនព្រមទទួលក្តីស្រឡាញ់ខ្ញុំហើយ ! ផែនដីនេះលែងលំអៀងទៀតហើយ !
» នេះនៅលោតដូចសេះបែបហ្នឹងយូរទៀតទេ ? ខ្ញុំឃ្លានហើយណា៎ !
» លីនឃ្លានហើយ ?
» នេះនៅឆ្លៀតមកសួរទៀត ? ខ្ញុំខំរត់ពីព្រលានរកម៉ូតូឌុបជិះតាមឡានរបស់លោក ហើយទម្រាំតាមលោកមកដល់ទីនេះ ខ្ញុំអស់កម្លាំងមិនស្ទើរទេ ! គ្រាន់តែឃើញមិនទាន់ដឹងស្អីផង អាងតែប្រញាប់រត់គេច !
» ចុះអ្នកណាទៅដឹងទៅ បើឃើញញញឹមដាក់គ្នាផ្អែមល្អែមយ៉ាងនេះនោះ ? អូឃេ ……!​ ខ្ញុំនាំលីនទៅញ៉ាំបាយណា៎ !
» ត្រូវតែអញ្ចឹងហើយ !
» ហើយខ្ញុំនឹងជូននាងទៅផ្ទះវិញដោយសុវត្ថិភាពបំផុត !
» បើទុកឱ្យខ្ញុំជិះម៉ូតូឌុបទៀត លោកស្លាប់មិនខានទេ !
» ទទួលបានទានម្ចាស់ ! ទៅបានហើយរឺនៅ ?

លីនញញឹមងើបចេញពីគូថឡានដើរតម្រង់ទ្វាររថយន្តដែលវង្សបានបើករង់ចាំស្រី​ ។ យាន្តចេញផុតឆ្ងាយ ប៉ុន្តែសម្លេងភ្លេងមនោសញ្ចេតនាដ៏ពីរោះរដំនៅតែបន្លឺជាប់ក្នុងរថយន្តជានិច្ច ។ វង្សចេះតែលួចមើលភ័ក្ក្រលីនឥតព្រិច ស្នាមញញឹមដែលចេញពីថ្ពាល់ដ៏ខួចស្រស់ហាក់កំពុងតែទាញអារម្មណ៍នាយកំលោះឱ្យកាន់តែលង់ស្រឡាញ់ទ្វេរឡើង ។

មួយសប្តាហ៍ក្រោយមក …………!
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប…………!
ដំណើរទន់ភ្លន់ជាមួយស្បែកជើងកែងចោតអូសវ៉ាលីដើរចេញមកទាំងញញឹមប៉ប្រិម ។ កំលោះលាក់បាច់ផ្កាក្រោយខ្នងឈររង់ចាំទទួលសង្សារទាំងចិត្តអន្ទះអន្ទែង ។ គ្រាន់ឃើញភ្លាម ស្រីដើរសំដៅ វង្សលើកផ្កាហុចទៅឱ្យលីនទាំងវាចាដ៏ផ្អែមល្អែម ៖

» ស្វាគមន៍ការមកកាន់ផែនដីអូន និងបងម្តងទៀត !​

លីនទទួលបាច់ផ្កាទាំងញញឹម ៖

» ពេលនេះអូនចាប់ផ្តើមចេះស្រឡាញ់ផ្កាដូចមនុស្សស្រីគេដទៃហើយ ! ចាំយូរទេ ?
» មិនយូរទេ ! ថ្ងៃនេះអូនចង់អី ?
» ថ្ងៃនេះ ចង់ញ៉ាំខ្យងដុត ប្រហិតអាំងម្ទេស បុកល្ហុង និងតៅហូអាំង !
» នេះឫជាកន្លែងដែលអូនប្រាថ្នា ?
» ចាស៎ … តែបើកន្លែងនោះគ្មានបង ក៏អូនមិនប្រាថ្នាដែរ !
» អូឃេ ……បងនឹងជូនអូនទៅកន្លែងដែលអូនប្រាថ្នា តែបងលឺចាស់ៗនិយាយថា​ ញ៉ាំខ្យងច្រើន អនាគតកូនកើតមកមាត់ដូចខ្យងអញ្ចឹង ! កុំញ៉ាំអី !
» អត់ទេ ! ចាស់ៗហាមតែពេលមានផ្ទៃពោះតែប៉ុណ្ណោះទេ !
» ចុះពេលណាទើបរៀបការ ហើយពពោះឱ្យបង ?
» ចាំ ១០ឆ្នាំទៀតទៅ !
» ងាប់ហើយ ! ពេលនេះបង ៣០ ហើយ បើចាំ ១០ឆ្នាំទៀត កាន់តែចាស់ហើយ ! នេះឆ្នាំក្រោយមិនបានទេហ្អេស​ ?
» មិនដឹងទេ ? បើធ្វើឱ្យសប្បាយចិត្តអាចនឹងអូឃេ តែបើធ្វើឱ្យអន់ចិត្ត កុំសង្ឃឹមនោះ !
» ចុះពេលណាទើឈប់ធ្វើជាទេពអប្សរហោះហើរលើមេឃ ហើយមកធ្វើជាលេខារបស់បងម្តង ?
» អត់ទេ ! មកធ្វើការជាមួយមនុស្សចាស់រអ៊ូច្រើនណាស់ ! មនុស្សស្អីមិនដឹងទេ ពូកែរអ៊ូនោះ !
» នេះលួចជេរបងហ្អេស ?
» អត់មានបានជេរណា៎ !
» ហ៊ឺស លួចថាឱ្យបងហ្អេស ? កុំរត់ណា៎ ហ៊ានតែឱ្យបងចាប់បាន អេះបាតជើងឱ្យយំតែម្តង !

ក្រមុំលៀនអណ្តាតចំអកសង្សារ ៖​

» មិនអាចទេ ! តាមមក ៗ ! ហាហា ! មនុស្សចាស់កំពូលរអ៊ូ !
» ឈប់សិន ! ឱ្យបងអេះតាមសម្រួលមក !
» គ្មានថ្ងៃទេ ! តាមចាប់ឱ្យបានសិនមក !

សម្លេងសើចក្អាកក្អាយ សម្លេងរត់ប្រដេញគ្នារបស់គូរសង្សារមួយគូរនេះបន្លឺឡើងរំពងពេញមុខព្រលានយន្តហោះសៀមរាប ។ កំលោះក្រមុំជាច្រើនតាមសម្លឹងមើល ខ្លះលួចច្រណែននឹងសង្សារមួយគូរនេះ ។ ស្នេហាកាន់តែរីករាលដាលពេញបេះដូងរៀងខ្លួន កាន់តែកៀក កាន់តែស្និទ្ធ កាត់តែបាត់មុខមិនបាន ។ ទីណាមានលីន ទីនោះត្រូវមានកំលោះវង្សដើរទន្ទឹមជាប់ជានិច្ច ។ ម្រាមដៃស្រាក់ជាប់គ្នាគ្មានរបេះ វត្តមានពួកគេកាន់តែល្អូកល្អើន ភាសាស្នេហាកាន់តែផ្អែមល្អែម បែបនេះអ្នកណាមិនច្រណែន ប៉ុន្តែស្នេហាពិតមិនអាចគេចផុតពីគូរព្រេងអតីតឡើយ ។ អវសាន្តស្នេហ៍ ពួកគេក៏បានយល់ចិត្តគ្នាទៅវិញទៅមក ហើយរស់នៅជុំគ្នាយ៉ាងមានក្តីសុខ ៕

ចប់ដោយបរិបូរណ៍ !!!!!!!
         

         

          

Comments

  1. ហាហា! មានន័យខ្លាំងណាស់។ ខ្ញុំចូលចិត្តមែនទែន!

    ReplyDelete
  2. Good read!! I Love this novel

    ReplyDelete

Post a Comment

រឿងកំពុងពេញនិយម