ចន្ទចាកមេឃ






          ផ្សារទំនើបអ៊ីអន………!

          » ចន្ទ…! បងប្រាប់ហើយថាកុំឲ្យញ៉ាំច្រើនពេក ? ស្អែកនេះចន្ទមានកម្មវិធីច្រើនណាស់ត្រូវដើរ Show.. ការ៉េមនេះមិនល្អសម្រាប់សុខភាពដូចអូនជាតារាល្បីទេ…!
          » តែមួយថ្ងៃទេបងកែវ………
          » តែមួយថ្ងៃហ្នឹងក៏មិនបានដែរ…… ចុះបើចន្ទឈឺទៅ បានអ្នកណាទៅដើរម៉ូតជំនួសនោះ ??
» ប្រហែលជាបងកែវទេដឹង??
» បងនេះមែនហ្អេស ? មិនអាចទេ……!
          » ខ្ញុំក៏គិតថា មិនអាចដែរ ព្រោះបងនឹងខ្ញុំខុសគ្នា…… ខ្ញុំជាស្រីពេញលក្ខណៈ ចំណែកបងជា……
          កំលោះដែលមានមាឌរាងមាំមួន ប៉ុន្តែដំណើរកាត់ស្រីបញ្ចេញសម្លេងគ្រហឹម ៖
          » ចន្ទ……??? នេះចង់ថាឲ្យបងហ្អេស??
          » មិនហ៊ានទេ……!
          » ចាត់ទុកថានេះជាលើកចុងក្រោយណា៎ចន្ទ ! ឈប់ញ៉ាំអាការ៉េមស្អីអស់ហ្នឹងទៅបានទេ ???
          » អូឃេៗៗ …… ឈប់ក៏ឈប់……! រអ៊ូច្រើនណាស់ ……?
          ស្រីម្នាក់ដែលកំលោះកាត់ស្រីឱទិសនាមពេញៗមាត់ថាជាតារាម៉ូតក៏បានដាច់ចិត្តយកការ៉េមក្នុងដៃទៅបោះចោលក្នុងធុងសម្រាមក្បែរនោះ ។ ស្រីទះដៃថ្នមៗពីរបីដងស្រាប់តែក្រឡេកទៅរកជំនួយការដែលជាកំលោះកាត់ស្រីទាំងស្រដីឡើង ៖
          » បងកែវ…! នេះមានបានឲ្យដំណឹងដល់អ្នកគាំទ្រថាពួកយើងមកទីនេះដែរទេ ???
          កំលោះកាត់ស្រីក៏គ្រវីក្បាលទាំងតប ៖
          » អត់មានទេ…!
          » ចុះរូបដែលបានថតក្នុងហាងការ៉េមមិញនោះ ???
          » ក៏បងអត់បានផុសដែរ……!
          ក្រមុំយើងក៏បន្ធូរដង្ហើមធំចេញយ៉ាងយ៉ាង ៖
          » ធូរទ្រូងបន្តិច……ធុញនឹងអ្នកអ្នកគាំទ្រអស់នោះណាស់ ជាពិសេសគឺ………

          » ប្រហែលជាមិនទាន់ធូរទេចន្ទអើយ………!
          » មានរឿងអីបងកែវ??
          » នោះណ្ន៎………!
          ចន្ទក្រមុំស្រស់កំពស់បានក៏ក្រឡេកតាមចង្អុលដៃអ្នកជំនួយការស្រាប់តែឃើញអ្នកកាសែតព្រោងព្រៀតដើរសំដៅមករកនាង ។ ស្រីធ្លាក់ទឹកមុខ ចងចិញ្ចើមឡើងទាំងស្រដី ៖
          » ក្រែងបងកែវថា មិនបានប្រាប់នោះអី ? ចុះពួកទាំងនេះមកយ៉ាងម៉េចបាន ??
          » បងមិនដឹងទេ… បងពិតជាមិនបានប្រាប់ រឺក៏ផុសរូបអ្វីពិតមែន……  
          » ចុះហេតុអ្វីពួកគេមកបាន ??
          » កុំទាន់សួរ… រកផ្លូវគេចខ្លួនសិនទៅ…… ទីនេះទុកឲ្យបងដោះស្រាយ……
          » ពុទ្ធោអើយ…… ឲ្យខ្ញុំមានក្តីសុខមួយថ្ងៃមិនបានទេអី??? កម្មពារម្លេះ??
          កំលោះកាត់ស្រីឈ្មោះកែវក៏ស្ទុះទៅរកអ្នកកាសែតទាំងនោះបំណងរារាំងកុំឲ្យចូលទៅរកស្រីស្រស់ចន្ទ ចំណែកចន្ទក៏ស្ទុះគេចខ្លួនបាត់មួយបប្រិចភ្នែក ។
          » បងចន្ទ……!ផ្តល់បទសម្ភាស៍បន្តិចមក… បងចន្ទ……
          » ឈប់សិនៗៗៗ ! សួរត្រឹមបងក៏បាន…… ថ្ងៃនេះប្អូនចន្ទមិនស្រួលខ្លួនទើបមិនអាចនៅជួបប្អូនៗបាន សង្ឃឹមថាវត្តមានបងអាចស្រាយសំនួរមួយចំនួនជំនួសប្អូនចន្ទបាន…!
          អ្នកកាសែតហាក់បីដូចជាមិនចាប់អារមណ៍នឹងចរិកទន់ភ្លន់របស់កំលោះកែវសោះ គ្រាន់តែបាត់ស្រមោលចន្ទភ្លាម ពួកគេក៏បំបែកគ្នាទៅវិញ ទាំងមិនខ្វល់នឹងការស្វាគមន៍ដ៏ម៉្ញិកម៉្ញក់របស់កំលោះកាត់ភេទឡើយ ។
          » បាត់ស្រមោលគ្រប់ពេល……តាមមិនទាន់សោះ… ( អ្នកកាសែត )​
          » ឆើស…… ចង់ល្បីណាស់ពួកឯងនេះ…… តាមប្រមាញ់គេគ្មានថ្ងៃលោះ…!
          ក្រឡេកមកមើលធីតាចន្ទតារាម៉ូតដ៏ស្រស់សោភាស្ថិតក្នុងឈុតខោអាវដ៏ស៊ីវីល័យមុខមាត់ហ៊ុមព័ទ្ធទៅដោយម៉ាសនិងវែនតាកំពុងតែដើរអោនៗគេចពីក្រសែភ្នែកមនុស្សម្នាតាមបណ្តោយមាត់ទន្លេ ។ ភ្លាមនោះម៉ូតូ Click ទំនើបមួយបានមកបង្អង់ល្បឿនក្បែរនាងទាំងពោលហៅនាមស្រីពេញៗមាត់ ៖
          » ចន្ទ……!    
          លឺមានអ្នកហៅឈ្មោះស្រីចំៗបែបនេះ ចន្ទក៏ទាញមួកបិទបន្ថែម ហើយដើរលឿនទៅៗ ។ ម៉ូតូមួយនោះនៅតែបន្តតាមស្រីពីក្រោយទាំងហៅឈ្មោះស្រីច្បាស់ ។ មាណវីក៏បញ្ឈប់ដំណើរហើយដាច់ចិត្តក្រឡេកទៅមើលមនុស្សប្រុសដែលហៅឈ្នោះនាង ខណៈនោះនាងលាន់មាត់ ៖​
          » នាយភព……! នេះនាយមកធ្វើអី ?
          » គឺមករកនាងហ្នឹងហើយ……
          » មករកខ្ញុំធ្វើអី ?? ខ្ញុំមិនបានណាត់អ្វីជាមួយនាយទេ ?? នេះកុំប្រាប់ណា៎ថា នាយក៏មកតាមប្រមាញ់ពត៌មានខ្ញុំដូចអ្នកកាសែតទាំងនោះ……???
          » អត់ទេ… ខ្ញុំមករកនាងពិតមែន……
          » មករកខ្ញុំធ្វើអីទៅ ??
          » គឺមកជួយនាងហ្នឹងហើយ……
          » នាយហ្នឹងហ្អេសមកជួយខ្ញុំ ?? អ្នកកាសែតដូចពួកនាយមកតាមប្រមាញ់ពត៌មានខ្ញុំដើម្បីភាពល្បីល្បាញរបស់ក្រុមហ៊ុននាយច្រើនជាង… កុំបាច់មកធ្វើល្អ……ចេញទៅ……
          » មនុស្សមានច្រើនប្រភេទណាស់… លក្ខខ័ណ្ឌការងារមនុស្សម្នាក់ក៏មានច្រើនសណ្ឋាន ខ្ញុំមិនមែនជាមនុស្សរកស៊ីលើទុក្ខសោកអ្នកណាទេ… ឆាប់ឡើងម៉ូតូមក បើមិនចង់ឲ្យអ្នកកាសែតទាំងនោះមកទាន់…
          ស្តីចប់ កំលោះក៏ហុចមួកការពារទៅឲ្យស្រី ទោះបីចន្ទមិនសូវចូលចិត្តនាយភពតាំងពីនៅរៀនសកលជាមួយគ្នាក្តី ប៉ុន្តែកាលៈទេសៈបែបនេះ នាងគ្មានអ្វីត្រូវគិតច្រើនទៀតទេ សំខាន់គេចខ្លួនឲ្យផុតមួយគ្រាទើបជារឿងដែលនាងប៉ង ។ ស្រីក៏ព្រមឡើងជិះម៉ូតូជាមួយនាយភពដែលជាអ្នកកាសែតដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនមួយល្បីឈ្មោះ ។ ពួកគេទាំងពីរធ្លាប់ជាមិត្តរៀនជាមួយគ្នាតាំងពីសកលវិទ្យាល័យមកម្លេះ ប៉ុន្តែបន្ទាប់ពីពួកគេមានការងាររៀងខ្លួន ចន្ទក៏មិនសូវចូលចិត្តកំលោះភព ព្រោះនាងគិតថា គេជាអ្នករកស៊ីលើក្បាលនាង ប្រមាញ់ពត៌មានមិនពិតដើម្បីភាពល្បីល្បាញរបស់ពត៌មានខ្លួន ។ ចំណែកភពតែងតែតាមដានពត៌មានរបស់ចន្ទជានិច្ច ទាំងដែលដឹងថា គេគិតអាក្រក់លើខ្លួន ប៉ុន្តែនាយមិនដែលធ្វើពត៌មានអាក្រក់ណាមួយដែលទាក់ទងនឹងចន្ទឡើយ លើកលែងតែពត៌មានដែលចន្ទត្រូវបានគេកោតសសើរ រឺជាពត៌មានពិតរបស់ក្រមុំ ។
          មកដល់មុខផ្ទះរបស់ស្រីសោភា កំលោះក៏ចតម៉ូតូ ។ ធីតាចុះពីម៉ូតូ ដោះមួកទាំងអឹមអៀន ស្រីមិនបាននិយាយអ្វីសោះតាំងពីឡើងម៉ូតូជាមួយភពពីកន្លែងគេចខ្លួនមក ។ ស្រីហុចមួយទៅឲ្យភពទាំងគេចមុខពីក្រសែភ្នែករបស់នរៈ ។
          » ហេតុអ្វីនាយជួយខ្ញុំ ? នាយត្រូវការអ្វីឲ្យប្រាកដទៅ ?
          » មនុស្សជួយគ្នា មិនប្រាកដថា ចង់បានអ្វីតបស្នងទេ…… មនុស្សធ្វើការជាអ្នកកាសែតដូចខ្ញុំក៏មានឧត្តមគតិចេះគិតខុសត្រូវ មិនមែនចេះតែធ្វើពត៌មានក្លែងក្លាយដើម្បីបានប្រាក់នោះដែរ… ខ្ញុំមិនចង់បានអ្វីពីនាងទេ ខ្ញុំគ្រាន់តែចង់ជួយមនុស្សដែលខ្ញុំធ្លាប់ស្គាល់ …… ! ហើយចុះរឿងដែរ………??
          » រឿងអី??
          » រឿងដែលគេបានចុះផ្សាយនោះជាការពិតដែរទេ ??
          លឺសំណួរភ្លាម ស្រីក្រឡេកចំភ័ក្ក្រកំលោះភ្លាម ៖
          » ចុះឯណាថាមិនមកយកពត៌មានខ្ញុំនោះ ? នេះស្អី ??
          » មិនមែនដូចនាងគិតទេ…… ខ្ញុំគ្រាន់តែចង់ដឹងជាលក្ខណៈផ្ទាល់ខ្លួនទេ…… មិនមានបំណងយកទៅផ្សព្វផ្សាយដូចគេដទៃឡើយ……
          » ចុះនាយគិតថាខ្ញុំដូចគេគ្រប់គ្នាគិតដែរទេ ? ឬមួយគិតថាតារាគ្រប់រូបសុទ្ធតែមានអ្នកចិញ្ចឹម??
          » សម្រាប់នាង ខ្ញុំទុកចិត្តជានិច្ច…!
          » ចុះបើទុកចិត្ត ហេតុអ្វីចាំបាច់សួរ ??
          » គឺ……គឺដើម្បីឲ្យច្បាស់ក្នុងចិត្ត…! មិនអីទេ……អញ្ចឹងខ្ញុំទៅវិញហើយណា៎ !
          » ឈប់សិន…! អើ…… ! អរគុណណា៎ដែលនាយជួយខ្ញុំ……!
          និយាយចប់សឹងមិនទាន់ ធីតាស្រស់តារាម៉ូតក៏ស្ទុះចូលទៅក្នុងផ្ទះបាត់ទាំងមុខក្រហមង៉ូវ ។ ភពគ្រវីក្បាលទាំងញញឹមសម្លឹងមើលស្រីរហូតផុតបាត់ស្រមោលទើបបញ្ឆេះម៉ូតូចេញទៅ ។ ចន្ទតាមលួចមើលភពតាមវាំងននបង្អួតរហូតមិនស្រមោលឃើញម៉ូតូទើបដើរទៅប្រាស់ខ្លួនលើពូកទាំងទឹកមុខស្រស់ស្រាយ ។ ស្រីហាក់បីដូចជាទទួលអារម្មណ៍ថា សប្បាយចិត្តបំផុតពេលដែលបានលឺសម្តីរបស់ភព ទាំងដែលនាងមិនដែលទទួលបានជំនួយពីអ្នកណាម្នាក់ពីមុនមក ។
          មិនបានប៉ុន្មាននាទីផង ស្រាប់តែទូរស័ព្ទស្រីរោទ៍ឡើងយ៉ាងរំពងពេញបន្ទប់ ។ ស្រីទាញទូរស័ព្ទពីកាបូបមកមើលឃើញឈ្មោះរបស់កំលោះកែវជំនួយការ ធីតាក៏លើកឡើងយ៉ាងរហ័ស ៖
          » ហេឡួបងកែវ…… ខ្ញុំមកដល់ផ្ទះហើយ …… ខ្ញុំមិនអីទេ ចុះបងកែវវិញ ??
          កែវកំលោះកាត់ភេទដកដង្ហើមធំដាក់ស្រី ៖
          » បងឯណេះមិនអីទេ …… បងថា​ អូនចន្ទទេដែលអីនោះ……
          » បងកែវចង់មានន័យថាម៉េច??
          » កែវសាកមើលពត៌មានក្នុងហ្វេសបុកសិនទៅ ចាំបងផ្ញើទៅឲ្យ……! ចាំជួបគ្នាណា៎!
          ប្រព័ន្ធទូរស័ព្ទក៏បានផ្តាច់ សម្លេងផ្ញើសារមួយបានបន្លឺឡើង ចន្ទកំពុងតែកាន់ទូរស័ព្ទស្រាប់ក៏ចុចមើលទាំងចិត្តងឿងឆ្ងល់ ។ ភ្លាមនោះបេះដូងស្រីស្ទើតែធ្លាប់ថ្លើមដ៏ដី អ្វីៗដែលស្រីបានសង្ឃឹមមុខនេះ ប្រែជារលាយសាបសូន្យ ក្នុងចិត្តឆេះឆួលកម្តៅកើនឡើងរាប់ម៉ឺនអង្សារ ព្រោះរូបភាពជាច្រើនសន្លឹកត្រូវបានគេមើល និងចែកចាយរាប់សិនអ្នក ។ រូបភាពពីរនាក់ដែលមាននាង និងកំលោះភពកាលពីនៅសកលវិទ្យាល័យ រួមទាំងរូបថតនាង និងភពមុននេះបន្តិចដែលឈរនិយាយគ្នាមុខផ្ទះស្រីខណៈពេលដែលភពបានជូននាងមកផ្ទះគេចអ្នកកាសែត ។ អត្ថន័យដែលមានជាមួយរូបថតបានសសេរថា ៖
          ( តារាបង្ហាញម៉ូតូល្បីឈ្មោះ ចន្ទកំពុងតែបង្កាត់ភ្លើងស្នេហ៍លួចលាក់ជាមួយអ្នកកាសែត ) !
          ចំណងជើងអត្ថបទត្រឹមតែមួយបន្ទាត់ ប៉ុន្តែចំនួនអ្នកបញ្ចេញមតិ និងចែកចាយកាន់ជាលំដាប់ពីមួយនាទីទៅមួយនាទី ។ សម្លេងកន្តឹងបន្លឺឡើងយ៉ាងរន្ធើន ចន្ទស្ទុះងើតមើលទើបចុះទៅបើកទ្វារឲ្យជំនួយការរបស់នាង ។ ទ្វាររបើកមិនទាន់ ចន្ទអន្ទះសារសួរទាំងកំហឹង ៖
          » បងកែវ… នេះតើមានរឿងអ្វីទៅ ? ហើយគេបានរូបទាំងនេះមកពីណា ?
          កំលោះកែវចាប់ដៃស្រីទាំងវាចា ៖
          » បងថា ពេលនេះចន្ទកុំទាន់ចង់ដឹងថា​ អ្នកណាបង្ហោះរូបភាពទាំងនេះអី រៀបចំអ៊ីវ៉ាន់គេចទៅស្នាក់នៅខុនដូសិនទៅ មុននឹងអ្នកកាសែតលើកទ័ពមកហែកផ្ទះនេះ !
          » ខ្ញុំមិនអស់ចិត្តទេបងកែវ……! ខ្ញុំមិនបានធ្វើ ខ្ញុំមិនដឹងអ្វីទាំងអស់ ហេតុអ្វីក៏កើតរឿងបែបនេះ ?
          មាណវីយើងនិយាយទាំងអន្ទះអន្ទែងក្នុងចិត្ត ចំនែកជំនួយការស្រីប្រញាប់ប្រមូលខោអាវដាក់កាបូបស្រី ហើយក៏ពោលទាំងហត់ ៖
          » ឆាប់ទៅចន្ទ… អ្នកកាសែតប្រហែលជាកំពុងតែមកហើយ… លឿនឡើង…!
          កែវ ជំនួយការអូសដៃស្រីទាំងច្រងាប់ច្រងិល ព្រោះតែខ្លាចអ្នកពត៌មានមកដល់មុនពេលចាកចេញ ចំណែកនាយភពកំលោះអ្នកកសែតដែលកំពុងតែមានពត៌មានជាមួយចន្ទគ្រាន់តែទទួលបានពត៌មានពីមិត្តភ័ក្ក្រ កំលោះក៏ប្រញាប់មករកស្រី ប៉ុន្តែឃើញតែវត្តមានអ្នកកាសែតជាច្រើនកំពុងតែឈររេរាពេញមុខផ្ទះស្រី ។ ភ្លាមនោះ ទូរស័ព្ទកំលោះក៏បន្លឺឡើងពីហោប៉ាវ នាយទាញមកទទួលយ៉ាងប្រញាប់ ៖      
          » ខ្ញុំចន្ទ …… ខ្ញុំចង់ជួបនាយ… ជួយមករកខ្ញុំបន្តិច… មាត់ទន្លេរត្រើយម្ខាង…!
          កំលោះមិនទាន់បាននិយាយអ្វីផង សម្លេងក៏បានកាត់ផ្តាច់ ។ ភពប្រញាប់ដាក់ទូរស័ព្ទចុះ ហើយបើកម៉ូតូទៅរកស្រីតាមសន្លែងដែលនាងបានប្រាប់ ។ ទូរស័ព្ទពីអ្នកកាសែតដូចគ្នាខលចូលជាញឹកញាប់ ប៉ុន្តែកំលោះមិនខ្ចីលើកឡើយ ។ បំណងដែលនាយចង់បានគឺអធិប្បាយឲ្យចន្ទយល់ពីរូបភាពទាំងនោះ ។
          មកដល់កន្លែងណាត់ ចតម៉ូតូស្ទើមិនទាន់ នាយមាណពស្ទុះចុះទៅស្រីប្រញាប់ស្តីឡើង ៖
          » ចន្ទ……! ខ្ញុំ……!
          ផាច់…………! សម្លេងទះកំផ្លៀងបានបន្លឺលើផ្ទៃមុខដ៏ស្រស់សង្ហាររបស់អ្នកកាសែតកំលោះរូបនេះ !
          » នេះហ្អេសជាអ្វីដែលលោកមិនត្រូវការតបស្នង ? នេះហ្អេសជាអ្វីដែលលោកនិយាយថាជួយមនុស្សដែលធ្លាប់ស្គាល់គ្នា​ ? លោកកំពុងតែបំផ្លាញជីវិតខ្ញុំច្រើនជាង… គ្មានកេរ៍ខ្មាស សូម្បីតែពត៌មានមិនពិតក៏លោកហ៊ានចុះផ្សាយដែរ… លោកចង់ឃើញតារាដូចពួកខ្ញុំអាម៉ាសមុខណាស់មែនទេ…?? 
» ចន្ទស្តាប់ខ្ញុំសិន…! ខ្ញុំពិតជាមិនបានធ្វើពត៌មាននេះពិតមែន… ខ្ញុំមិនដឹងថា វាកើតឡើងយ៉ាងម៉េចនោះទេ តែខ្ញុំហ៊ានស្បថថា ខ្ញុំមិនបានធ្វើទេ……!
          » ខ្ញុំសោកស្តាយដែលខំគិតល្អចំពោះលោក ខ្ញុំសោកស្តាយដែលខំទុកចិត្តលើលោក ប៉ុន្តែលោកវិញ បែរជាយកភាពល្បីល្បាញរបស់ខ្លួនរំលងក្បាលរបស់ខ្ញុំ … លោកសប្បាយចិត្តហើយមែនទេពេលឃើញខ្ញុំត្រូវរត់ពូនអ្នកកាសែត រត់ពូនប្រិយ៍មិត្តបែបនេះ ? ឆ្លើយមក… សប្បាយចិត្តណាស់មែនទេ??
          » ចន្ទ……! ត្បិតតែខ្ញុំជាអ្នកកាសែត ជាអ្នកយកពត៌មាន ប៉ុន្តែខ្ញុំមានឧត្តមគតិក្នុងការបំពេញការងារ ខ្ញុំមានភាពសុច្ចរិតក្នុងការយកពត៌មាន ខ្ញុំមិនដែលកុហកប្រជាជនទូទាំងប្រទេស ខ្ញុំមិនដែលកុហកខ្លួន បំភ្លើសពត៌មានអ្នកដទៃដើម្បីតែប្រាក់នោះទេ……!
          » ខ្ញុំមិនជឿទេ…! ដើម្បីប្រាក់ ដើម្បីភាពល្បីល្បាញរបស់ក្រុមហ៊ុនខ្លួន អ្នកពត៌មានដូចជាពួកលោក ហ៊ានធ្វើយ៉ាង សូម្បីតែពត៌មានមិនពិតក៏ពួកលោកហ៊ានចុះផ្សាយ …! ខ្ញុំជាតារាខុសអ្វីទៅ ? ហេតុអ្វីត្រូវពួកលោកតាមប្រមាញ់គ្រប់ពេល ? ត្រូវរត់គេចគ្រប់ពេល ព្រោះតែពត៌មានមិនពិតទាំងនេះ​…!
          » ចន្ទ…! ចន្ទមិនដែលខុសទេ……ហើយខ្ញុំក៏មិនដែលសប្បាយចិត្តពេលឃើញចន្ទត្រូវរត់គ្រប់ពេលបែបនេះទេ សូម្បីតែពេលខ្លះ ខ្ញុំត្រូវបានគេឲ្យធ្វើពត៌មានចន្ទ ប៉ុន្តែខ្ញុំមិនដែលធ្វើទេ ខ្ញុំត្រូវគេស្តីឲ្យគ្រប់ពេល រហូតដល់ពេលខ្លះ គេគម្រាមដកខ្ញុំចេញពីស្ថាប័នពត៌មានក៏មាន ព្រោះតែខ្ញុំដឹងពីចិត្តពិតរបស់ចន្ទ …! ខ្ញុំមិនដែលធ្វើពត៌មានណាមួយដែលគ្មានប្រភពច្បាស់លាស់ឡើយ ជាពិសេសពត៌មានរបស់ចន្ទ …! គ្រប់រឿងរ៉ាវដែលគេចោតប្រកាន់ចន្ទ គ្រប់រឿងរ៉ាវដែលគេយល់ច្រឡំលើចន្ទ សម្រាប់ខ្ញុំ ខ្ញុំនៅតែច្បាស់ក្នុងចិត្តថា ចន្ទមិនមែនជាមនុស្សបែបនោះទេ …!
          » កុំបាច់មកកុហក……! ខ្ញុំលែងជឿលោកទៀតហើយ…! ចាប់ពីពេលនេះតទៅ ពួកយើងមិនចាំបាច់ជួបគ្នាទៀតទេ លោកធ្វើការរស់នៅកន្លែងលោក ខ្ញុំធ្វើការរស់នៅកន្លែងខ្ញុំ ពួកយើងរស់នៅផ្សេងគ្នា ហើយខ្ញុំមិនខ្វល់ថា ពួកលោកផ្សាយពត៌មានអ្វីទៀតទេ ព្រោះគ្រប់យ៉ាងមិនមែនជារឿងពិត …!
          ចប់សម្តីចន្ទក៏ដើរហួសទៅ តែត្រូវកំលោះចាប់ដៃជាប់ ៖
          » ចន្ទ… ខ្ញុំស្រឡាញ់នាងណា៎……!
          » សម្រាប់អតីតកាល វាអាចនឹងទៅរួច តែបច្ចុប្បន្នកាល យើងជាសត្រូវនឹងគ្នា……!
          ព្រោះតែកំហឹងដល់កំណត់ ចន្ទមិនបានយកចិត្តទុកដាក់លើពាក្យសម្តីរបស់ភពឡើយ នាងពោលចប់ហើយក៏ដើរឡើងឡានបើកចេញទៅទាំងបន្សល់ទុកតំណក់ទឹកភ្នែកថ្លាយ៉ង់លើផែនថ្ពាល់ដ៏រលោងរបស់នាងកំលោះអ្នកកសែតសង្ហារ ។ សូម្បីតែពាក្យមួយម៉ាត់ចុងក្រោយដែលមាណពបានលាក់ទុកជាយូរក៏នាងមិនស្តាប់ មិនយក់ចិត្តទុកដាក់ កំហឹងឆេះឆួលធ្វើឲ្យនាងមិនបានមើលឃើញពីភាពឈឺចាប់របស់អ្នកកំលោះឡើយ ។
          មួយថ្ងៃកន្លងផុតទៅ ពត៌មានមួយនេះកាន់តែល្បីរន្ធឺ ព្រោះតែតារាស្រីល្បីរូបនេះមិនបានចេញមុខមកបកស្រាយពីការពិត ព្រោះតែនាងមិនសូវចូលចិត្តសំណួរអ្នកកាសែតទាំងនោះ ។ ក្រមុំគេងលេងហ្គេមលើសាឡុងក្នុងខុនដូស្រី ស្រាប់តែកែវអ្នកជំនួយការរត់ចូលមកទាំងត្រហេបត្រហប់ ៖
          » ចន្ទ…… អានពត៌មាននេះទៅ……!
          » អត់ទេបងកែវ…… ពត៌មានអត់ប្រយោជន៍ ធុញណាស់……
          » បងថា អានសិនទៅ……!
          ធីតាដកដង្ហើមធំយ៉ាងយូរ ទើបព្រមទទួលអាយផេតពីដៃកំលោះកែវមកមើល ។ ខណៈនោះ ស្រីបើកភ្នែកធំសម្លឹងអេក្រង់អាយផេតស្ទើធ្លុះ ព្រោះតែកំលោះភពបានចេញមុខបកស្រាយពត៍មាននេះ ជាមួយវីឌីអូខ្លីបមួយដែលគេបាននិយាយថា ៖
          ( ខ្ញុំធ្វើការជាអ្នកយកពត៌មានជាង ៤ ឆ្នាំហើយ ! ខ្ញុំមិនដែលប្រព្រឹត្តអំពើណាដែលធ្វើឲ្យអ្នកដទៃក្តៅក្រហាយឡើយ មិនថា ពត៌មានក្លែងក្លាយ ពត៌មានស្រពិចស្រពិល រឺពត៌មានដែលធ្វើទុក្ខបុកម្នេញដល់នរណាម្នាក់ ព្រោះខ្ញុំគិតថា គេរឺយើង សុទ្ធតែប្រាថ្នាចង់បានជីវិតដែលមានក្តីសុខ ជីវិតមួយដែលមិនមានភាពរញ៉េរញ៉ៃក្នុងជីវិត ទើបថ្ងៃនេះខ្ញុំសុំចេញមុខបកស្រាយថា ពត៌មានខ្ញុំ រវាងតារាម៉ូតូចន្ទ មិនមែនជាការពិតឡើយ ហើយខ្ញុំក៏ធ្លាប់បានសន្យាចំពោះខ្លួនឯងថា នឹងមិនធ្វើឲ្យនរណាម្នាក់ក្តៅក្រហាយជាមួយខ្ញុំឡើយ ប៉ុន្តែពេលនេះ ខ្ញុំបានធ្វើឲ្យមនុស្សជាច្រើនខកបំណងលើខ្ញុំ ដូច្នេះខ្ញុំសូមលាឈប់ពីការងារជាអ្នកយកពត៌មានចាប់ពីពេលនេះទៅ……! សុំអរគុណ……! )
          » ចន្ទ……! ពេលនេះអូនរួចខ្លួនហើយ……! អាអ្នកកាសែតកំលោះម្នាក់នេះវាចេញមុខបកស្រាយ ថែមទាំងប្រកាសលាឈប់ពីការងារទៀត បើគ្មានអ្នកជឿ វាចម្លែកពេកហើយ ……! ហាសហាស……!
          ស្រីមិនតបអ្វីឡើយ នាងហុចអាយផេតទៅឲ្យកំលោះកែវ ហើយក៏ដើរចេញទៅយ៉ាងលឿន ៖
          » កែវ…… អូនទៅណាហ្នឹង ?
          ធីតាមិនតបអ្វីឡើយ នាងចុះពីខុនដូបើកឡានចេញយ៉ាងលឿនហាក់បីដូចជាប្រញាប់ទៅរកអ្នកណាម្នាក់ ។ មកដល់កន្លែងដែលធ្លាប់បានណាត់ជួបជាមួយភព ស្រីក៏ចុះពីឡានដើររេរាមួយជុំសម្លឹងមើលពេញមាត់ទន្លេរ ប៉ុន្តែហាក់មិនឃើញអ្វីដែលនាងកំពុងរកសោះ ។ ស្រីច្រត់ដៃទៅលើបង្កាន់ដៃដែកដែលជាប់និងច្រាំងទន្លេរបន្ធូរដង្ហើមញាប់ស្អេក សម្លេងមួយក៏បន្លឺពីក្រោយខ្នងស្រី ៖
          » ខ្ញុំស្តារកេរ៍ឈ្មោះឲ្យនាងវិញរួចហើយ ……!
          លឺសម្តីភ្លាម ស្រីក្រឡេកក្រោយស្ទើអស់ជំហរ នារីស្តីភ្លាមមិនចាំយូរ ៖
          » មនុស្សល្ងង់ ……! ហេតុអ្វីលោកធ្វើអញ្ចឹង ?
          » ដើម្បីនាងខ្ញុំហ៊ានធ្វើគ្រប់យ៉ាង……!
          » លោកឈប់ពីការងារនោះធ្វើអ្វី ? លោកឈប់ធ្វើអី ?   
          » ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់អស់សង្ឃឹមលើខ្ញុំ ខ្ញុំមិនចង់ធ្វើការងារនោះទៀតទេ !
          » លោកនេះល្ងង់ណាស់ … ចុះបើគ្រប់យ៉ាងមិនមែនជារឿងពិតទេ ហេតុអ្វីលោកចាំបាច់ចេញមុខទៅបកស្រាយ ចេញមុខទៅទទួលកំហុសធ្វើអី ? មនុស្សល្ងង់……!
          » ចុះបើអ្នកពត៌មានអភ័ព្វម្នាក់នេះស្រឡាញ់នាងពិតមែននោះ ?
          » លោកនិយាយពីអ្វី ?
          ភពចូលទៅចាប់ដៃស្រី ទាំងវាចាពីសម្តីដែលបានលាក់ទុក ៖
          » មិនថា ប៉ុន្មានឆ្នាំ ប៉ុន្មានខែ ប៉ុន្មានរដូវកាលទេ ខ្ញុំតែងតែបារម្ភពីនាង ព្រួយពីនាង នឹកគិតដល់នាងគ្រប់ពេល ហើយក៏មិនដែលធ្វើចង់ធ្វើបាបនាងដែរ… ក្តីសុខរបស់នាងក៏ដូចជាក្តីសុខរបស់ខ្ញុំ… ហើយក្តីសុខមនុស្សគ្រប់គ្នាក៏ដូចជាក្តីសុខរបស់ខ្ញុំដែរ ដូច្នេះខ្ញុំមិនដាច់ចិត្តធ្វើបាបមនុស្សដែលខ្ញុំស្រឡាញ់ទេ…!
          ក្រមុំហាក់លេចចេញនូវស្នាមក្រហមព្រឿងៗលោកថ្ពាល់ ៖
          » លោកនិយាយពីអ្វី ?
          » អាចទេ បើសិនជាភពម្នាក់នេះសុំរស់នៅក្បែរព្រះចន្ទផង……!
          » ខ្ញុំព្រងើយកន្តើយនឹងលោកយូរហើយ ហេតុអ្វីក៏លោកនៅតែស្រឡាញ់ខ្ញុំទៀត ?
          » ក្តីស្រឡាញ់មិនចាំបាច់ផ្លាស់ប្តូរទេ បើគ្រាន់តែគេធ្វើព្រងើយកន្តើយ ដរាបណាពាក្យពិតមិនទាន់បានបកស្រាយ ខ្ញុំមិនអាចដកថយទេ…! ឆ្លើយមកថា​ អាចទេបើខ្ញុំសុំរស់ក្បែរម្នាក់ផង… សុំត្រឹមធ្វើជាហ្វេនក៏បានដែរ……!
          ក្រមុំលួចញញឹមកាលបានលឺសម្តីពិតរបស់កំលោះភព នាងទាញដៃចេញពីភពទាំងតប ៖
          » ចុះភពមួយនោះធំប៉ុណ្ណាទៅ ?
          » មិនធំទេ តែក្តីស្រឡាញ់ធំធេងណាស់……
          » តើភពមួយនេះអាចដាក់ព្រះចន្ទមួយបានទេ ?
          » ឲ្យតែព្រះចន្ទហ៊ានចាកចោលមេឃ ភពមួយនេះ មិនខ្លាចនឹងទទួលព្រះចន្ទឡើយ…!
          » ចុះបើចន្ទនិយាយថា ចន្ទព្រមចោលមេឃហើយ ……!
          » នេះបានន័យថា ……???
          » ភពមិនបាច់ទៅរស់នៅក្បែរព្រះចន្ទទេ តែសុំកន្លែងមួយឲ្យចន្ទបានរស់នៅក្នុងភពមួយនេះផង !
          » ចន្ទ……!!!!
          កំលោះឧទានឈ្មោះស្រីទាំងរំភើប ស្ទុះអោបក្រមុំទាំងដើមទ្រូងពោពេញដោយក្តីស្រឡាញ់ ចង្វាក់បេះដូងលោតញាប់ហាក់ទទួលស្វាគមន៍ស្នេហាថ្មីរវាងកំលោះអ្នកកាសែត និងកញ្ញាសោភាតារាម៉ូតដ៏ល្បី ភពក្រសោបប្រាណស្រីយ៉ាងណែន ៖
          » ចន្ទនិយាយបែបនេះចង់បានន័យថា ម៉េច ?
          » ខ្ញុំនឹងលាឈប់ពីសិល្បៈ លាឈប់ពីការងារឆ្គួតឡប់មួយនេះ … មានតែអ្នកច្រណែន មានអ្នកទើសទាល់ មានតែអ្នកសួរនាំរឿងអត់ប្រយោជន៍…… ខ្ញុំមិនចង់រស់នៅលើវិថីមួយនេះទៀតទេ…!
          » ចុះបើលាឈប់ទាំងពីរបែបនេះ បានអ្នកណាចិញ្ចឹមអ្នកណាទៅ ?
          » មិនដឹងទេ ? លោកជាមនុស្សប្រុស ជាមេគ្រួសារ ត្រូវតែចិញ្ចឹមខ្ញុំហើយ…… !
          » បើអញ្ចឹង មិនបាច់ស្រឡាញ់គ្នាក៏បានដែរ ខំរត់មកតោងតារា ដឹងអីគេលែងធ្វើតារា បានអីស៊ីទៅ ?
          » អត់ក៏អត់…… ! ទៅវិញហើយ…!
          ក្រមុំធ្វើជាងរដើរចេញ កំលោះភពស្ទុះអោបស្រីជាប់ទាំងវាចាចេញនូសម្តីដ៏ផ្អែម ៖
          » ត្រឹមតែកូនក្រមុំម្នាក់នេះ បងមិនឲ្យដាច់ពោះស្លាប់ទេ……! សន្យា……!
          » សន្យាណា៎………!
          » បាទ……! សន្យា……!
          វាចាស្នេហ៍ដ៏ផ្អែមល្អែមជាឡំជាមួយក្លិនថ្ពាល់ដ៏ឈ្ងុយឈ្ងប់ ភពក្រសោបកាយស្រីមិនលែងពីដៃឡើយ ។ សម្លេងរលកទន្លេរបន្លឺឡើងខ្សឹបៗហាក់បីជាកំពុងជូនពរស្នេហ៍ថ្មីមួយនេះ ។ ទីកន្លែងមួយនេះ ហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែជំនោរនៃរាត្រី​ និងរលកនៃទន្លេរបានជូនពរជ័យសម្រាប់ថ្ងៃអនាគតរបស់ពួកគេរួចទៅហើយ ។ សូមឲ្យរាត្រីដ៏ស្ងប់ស្ងាត់មួយនេះជួយធ្វើជាសាក្សីសម្រាប់គូរស្នេហ៍ដ៏ផ្អែមល្អែមនេះផង ៕

ចប់ដោយបរិបូរណ៍
         


         


          



Comments

រឿងកំពុងពេញនិយម